បរទេស៖ សារព័ត៌មាន RIA Novosti រាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់យោធាអ៊ុយក្រែននៅជិតទីក្រុង Elabuga របស់រុស្ស៊ី កាលពីថ្ងៃអង្គារ គឺបានធ្វើឱ្យសិស្សមកពីបរទេសចំនួន៨នាក់ រងរបួស។ អ្នកដែលរងគ្រោះដោយការវាយប្រហារទាំងអស់កំពុងសិក្សានៅមហាវិទ្យាល័យបច្ចេកទេស, នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា សេវាសារព័ត៌មានរបស់ប្រធានាធិបតី Tatarstan បានបញ្ជាក់ប្រាប់សារព័ត៌មានរុស្ស៊ីជាច្រើនកាលពីថ្ងៃពុធថា អន្តេវាសិកដ្ឋានមហាវិទ្យាល័យនៅ Alabuga Polytech ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ទីក្រុង ត្រូវបានវាយប្រហារ។
ការវាយប្រហារនេះបានធ្វើឱ្យមនុស្សសរុប១៤នាក់រងរបួស។ RIA Novosti បានរាយការណ៍ថា “ពលរដ្ឋនៃប្រទេសរុស្ស៊ី កៀហ្ស៊ីស៊ីស្ថាន ស្រីលង្កា ហ្ស៊ីមបាវ៉េ , រវ៉ាន់ដា, កុងហ្គោ , កេនយ៉ា , នីហ្សេរីយ៉ា និងស៊ូដង់ខាងត្បូង” ស្ថិតក្នុងចំណោមពួកគេ ។ មនុស្ស៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែរបួសមិនគំរាមកំហែងដល់អាយុជីវិតនោះទេ។ ប្រែសម្រួលៈ ណៃ តុលា