តៃប៉ិ៖ ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារ នៅឆ្នេរសមុទ្រភាគខាងកើត នៃកោះតៃវ៉ាន់កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាង ហោចណាស់ ៩នាក់ និងរបួសជាង ១០០០ នាក់នៅក្នុងគ្រោះរញ្ជួយដី ដ៏ខ្លាំងបំផុតរបស់កោះនេះក្នុងរយៈពេល ២៥ឆ្នាំ ខណៈដែលរលកយក្សស៊ូណាមិ បានឈានដល់កោះក្បែរ នោះនៅភាគនិរតីរបស់ប្រទេសជប៉ុន។
អាជ្ញាធរក្នុងតំបន់ និងរបាយការណ៍បានឲ្យដឹងថា ការរញ្ជួយដីដ៏ធំបំផុត ដែលបានវាយប្រហារចាប់តាំងពីការរញ្ជួយដី ដែលបានវាយប្រហារកណ្តាលកោះតៃវ៉ាន់ក្នុងឆ្នាំ១៩៩៩ បានបង្កឱ្យមានការរអិលបាក់ដីនៅក្នុងតំបន់ Hualien និងបណ្តាលឱ្យបាត់បង់ទំនាក់ទំនងជាមួយមនុស្សជាង ១៤០នាក់។
យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា មនុស្សជិត ១០០០នាក់ក៏ត្រូវបានគេជឿថា បានជាប់គាំងនៅក្នុងឧទ្យាន Taroko ដែលជាកន្លែងទេសចរណ៍ដ៏សំខាន់មួយ ដែលមានជ្រលងភ្នំនៅក្នុងតំបន់ភ្នំ។
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបង្កើត ការិយាល័យឆ្លើយតបបន្ទាន់មួយ ជាមួយនឹងបុគ្គលិក យោធាបានបញ្ជូនទៅកាន់តំបន់រងគ្រោះដោយរញ្ជួយដី សម្រាប់ប្រតិបត្តិការសង្គ្រោះ។
ប្រធានាធិបតី ជាប់ឆ្នោត លោក Lai Ching-te ដែលជាអនុប្រធានបច្ចុប្បន្ន ដែលនឹងចូលកាន់តំណែង ជាអ្នកស្នង តំណែងរបស់លោកស្រី Tsai នៅថ្ងៃទី២០ ខែឧសភា បានទៅសួរសុខទុក្ខ Hualien ហើយបានឲ្យដឹងថា ការសង្គ្រោះជីវិតគឺជាអាទិភាពកំពូល នេះបើយោងតាមការិយាល័យ ប្រធានាធិបតី៕
ប្រែសម្រួល ឈូក បូរ៉ា