ព័ត៌មានអន្តរជាតិ

សេតវិមាន បានអនុម័តផ្ដល់គ្រាប់បែក បន្ថែមទៀតដល់អ៊ីស្រាអែល នៅថ្ងៃនៃការវាយប្រហារ របស់អ៊ីស្រាអែល យ៉ាងសាហាវ ទៅលើបុគ្គលិកជំនួយ

Xinhua

វ៉ាស៊ីនតោន៖ សេតវិមាន បានអនុម័តការទម្លាក់គ្រាប់បែកបន្ថែមទៀត ដល់អ៊ីស្រាអែល នៅថ្ងៃដែលយោធាអ៊ីស្រាអែល បានវាយប្រហារលើក្បួនរថយន្ត និងបានសម្លាប់បុគ្គលិកជំនួយចំនួន ៧នាក់នៃក្រុមសប្បុរសធម៌អាហារ ដែលកំពុងផ្តល់ជំនួយដល់តំបន់ហ្គាហ្សា នេះបើតាមកាសែត Washington Post។

កាសែត Washington Post ផ្អែកលើរបាយការណ៍របស់ខ្លួនលើព័ត៌មាន ដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ៣នាក់ ដែលកាសែតនេះបានឲ្យដឹងថា បានបង្ហាញព័ត៌មានលម្អិតអំពីការ អនុម័តនៅសប្តាហ៍នេះ។

ក្រសួងការបរទេសបានអនុម័ត លើការផ្ទេរគ្រាប់បែក MK82 ទម្ងន់ ៥០០ផោនជាង ១០០០ គ្រាប់ និងគ្រាប់បែកទំហំតូចចំនួន ១០០០គ្រាប់ ព្រមទាំងហ្វុយស៊ីប សម្រាប់គ្រាប់បែក MK80 ដែលទាំងអស់បានមកពីការអនុញ្ញាត ដែលផ្តល់ដោយសភា កាលពីប៉ុន្មានឆ្នាំមុន។

កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស កាលពីថ្ងៃច័ន្ទដែលបណ្តាលឱ្យស្លាប់សមាជិក ៧ នាក់នៃ World Central Kitchen (WCK) ខណៈដែលពួកគេកំពុងធ្វើដំណើរ ទៅចែកចាយអាហារ ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា។

របាយការណ៍របស់កាសែត Washington Post បានបន្តចំផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ការយល់ព្រមសម្រាប់ការ ផ្ទេរគ្រាប់បែកនេះ បានកើតឡើងនៅពេលខ្លះ “មុន” នៅពេលដែលយន្តហោះអ៊ីស្រាអែល វាយប្រហារក្បួនរថយន្តជំនួយ។

ការផ្ទេរសព្វាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែល បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង ខណៈដែលកំហឹង បានរីករាលដាលទូទាំងពិភពលោកជុំវិញការស្លាប់របស់ជនជាតិប៉ាឡេស្ទីនជាង ៣៣,០០០ នាក់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាសងសឹក របស់ខ្លួនបន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី០៧ ខែតុលា ទៅលើអ៊ីស្រាអែល ដោយក្រុមហាម៉ាស៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top