ព័ត៌មានអន្តរជាតិ

លោក លី កុសល ៖ការប្រកួតនេះជាប្រភពធនធានសំខាន់នៃមូលធនមនុស្សចម្រាញ់រកអត្តពលិកបន្តវេននាថ្ងៃអនាគត

ភ្នំពេញ៖ លោក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក ចាប រតនា អនុប្រធាននាយកដ្ឋានគ្រប់គ្រង និងព្រឹត្តិការណ៍កីឡាតំណាងឲ្យលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងឱកាសបិទការប្រកួតកីឡាវាយសី នៅទីលានសហព័ន្ធពក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

លោក លី កុសល បានមានប្រសាសន៍ថា ប្រភពធនធានសំខាន់នៃមូលធនមនុស្សត្រូវតែជ្រើសរើសចម្រាញ់ចេញពីកីឡាសិស្ស ពីព្រោះសិស្ស គឺជាធនធានមនុស្សមានការអប់រំឲ្យគោរពវិន័យយ៉ាងត្រឹមត្រូវរបស់សាលា។ ម្យ៉ាងទៀតសិស្សមានអាយុវ័យក្មេងជាកម្លាំងនសក្ដានុពលទៅអនាគតសម្រាប់បន្តវេន សមស្របក្នុងការបណ្ដុះបណ្តាលជំនាញវិស័យកីឡាវាយសីនេះឱ្យកាន់តែមានភាពល្អប្រសើរឡើង។

លោក លី កុសល បន្តថា ដើម្បីអនុវត្តគោលដៅជាយុទ្ធសាស្ត្រឈានសម្រេចបានជោគជ័យទៅថ្ងៃអនាគត សហព័ន្ធកីឡាវាយសីកម្ពុជាតែងតែមានការសាមគ្គីភាពសហការល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ស្មារតីនៃការហ្វឹកហ្វឺន និងការប្រកួតនានា ជាពិសេសការប្រកួតកីឡាសិស្ស ដែលក្រសួងអប់រំ យុវជន និងកីឡា តែងតែដាក់ចេញនូវកម្មវិធីប្រកួតជារៀងរាល់ឆ្នាំដោយមានកិច្ចសហការរៀបចំយ៉ាងហ្មត់ចត់ជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា ដើម្បីដំណើរការទៅតាមនីតិវិធីនៃការប្រកួតស្ដង់ដាជាតិ និងអន្តរជាតិ។

គោលដៅសំខាន់ដែលរៀបចំការប្រកួតនេះ គឺចង់ពិនិត្យវាយតម្លៃលទ្ធផល សិទ្ធផលរបស់កីឡាករ កីឡាការិនីម្នាក់ៗ ដែលបានហ្វឹកហាត់កន្លងមកថាតើឈានដល់កម្រិតណា ដើម្បីជ្រើសរើសយកមកហ្វឹកហាត់ជម្រើសជាតិ សម្រាប់ឈានទៅប្រកួតលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ ប្រធានសហព័ន្ធក៏បានកោតសរសើរកីឡាករ កីឡាការិនីវ័យក្មេងដែលបានខិតខំហ្វឹកហាត់ និងប្រកួតដណ្តើមបានមេដាយ នាពេលនេះ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អ្នកចាញ់ថា ការចាញ់នោះ វាជារឿងធម្មតា ដោយកីឡាមានឈ្នះមានចាញ់ និងកុំបាក់ទឹកចិត្ត ដោយត្រូវប្រែក្លាយការចាញ់នេះទៅជាកំហឹងឈឺចាប់ ដើម្បីបន្តការហ្វឹកហាត់ឱ្យបានខ្លាំងក្លា នាឆ្នាំក្រោយៗត្រូវចូលរួមប្រកួតទៀតហើយត្រូវដណ្ដើមជ័យជម្នះឲ្យបាន។
ការប្រកួតកីឡាវាយសីនៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤នេះ មានប្រតិភូគ្រូបង្វឹក កីឡាករ កីឡការិនីចូលរួមសរុប ១០៤នាក់មកពី១០រាជធានី-ខេត្ត (កីឡាករ ៥៤នាក់ កីឡាការិនី ៣០នាក់)។ ចំពោះជ័យលាភីលើវិញ្ញាសាចំនួន៥ រួមមាន៖ ខេត្តត្បួងឃ្មុំឈរនៅចំណាត់ថ្នាក់លេខ១នៃតារាងមេដាយ ដោយដណ្តើមបានមេដាយមាស ៣គ្រឿង ខណៈខេត្តព្រះសីហនុ ឈរលេខ២ ជាមួយមេដាយមាស ១ និងសំរឹទ្ធ១ ស្របពេលដែលខេត្តព្រៃវែង ឈរលេខ៣ ដណ្តើមបានមេដាយមាសស១គ្រឿង៕ ដោយ៖លី ភីលីព

Most Popular

To Top