តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ទទួលបានការវិនិយោគចំនួនទឹកប្រាក់ ២.៩ ពាន់លានដុល្លារនៅប្រទេសរបស់លោកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft Corp របស់សហរដ្ឋអាមេរិកក្នុងវិស័យបញ្ញាសិប្បនិមិត្ត ខណៈលោកបានចាប់ផ្តើមការចូលរួមជាបន្តបន្ទាប់កាលពីថ្ងៃអង្គារក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Kishida ក្នុងរដ្ឋធានីសហរដ្ឋអាមេរិក ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានបង្ហាញពីការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុនដែលមិនធ្លាប់មាននៅក្នុងប្រទេសអាស៊ី ដែលរួមមានវិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនដែលចាំបាច់សម្រាប់ការប្រើប្រាស់ AI និងដើម្បីជំរុញកុំព្យូទ័រលើពពក។
លោក Kishida បានមកដល់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងដោយមេដឹកនាំជប៉ុនក្នុងរយៈពេល ៩ ឆ្នាំ ដោយប្រទេសទាំង២បានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ចំពេលមានការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកបានប្រាប់ Smith ថា វាមានសារសំខាន់សម្រាប់ក្រុមហ៊ុនជប៉ុនក្នុងការធ្វើការជាមួយក្រុមហ៊ុនសកលដូចជា Microsoft ដោយបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនអាមេរិកនឹងបន្តជួយជំរុញការអភិវឌ្ឍន៍ AI នៅប្រទេសអាស៊ី។
ប្រភពក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន Microsoft គ្រោងនឹងបើកមូលដ្ឋានស្រាវជ្រាវនៅទីក្រុងតូក្យូ ជាក្រុមហ៊ុនដំបូងគេនៅប្រទេសជប៉ុន ក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវលើវិស័យ AI និងមនុស្សយន្ត ដោយបន្ថែមថា ខ្លួននឹងកែលម្អឧបករណ៍នៅតាមបរិក្ខាររបស់ខ្លួនក្នុងប្រទេសដោយណែនាំឧបករណ៍ពាក់កណ្តាលចម្លងកម្រិតខ្ពស់។
ក្រោយមកកាលពីថ្ងៃអង្គារ លោក Kishida បានប្រាប់មេដឹកនាំធុរកិច្ចក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកថា ទីក្រុងតូក្យូ និងវ៉ាស៊ីនតោនអាចដឹកនាំសហគមន៍អន្តរជាតិឆ្ពោះទៅរកស្ថិរភាព និងវិបុលភាព។
លោក Kishida បានបន្ថែមថា ប្រទេសជប៉ុននឹងចាប់ដៃជាមួយសហរដ្ឋអាមេរិក ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចពិភពលោកក្នុងបច្ចេកវិទ្យាសំខាន់ៗ រួមទាំងឧបករណ៍អេឡិចត្រូនិក AI កុំព្យូទ័រកង់ទិច និងថាមពលស្អាត ដោយពង្រីកការវិនិយោគទៅវិញទៅមក៕ ដោយ៖លី ភីលីព