តូក្យូ ៖ នេះបើយោងតាមប្រភព ជិតស្និទ្ធនឹងករណី បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមឃ្លាំមើលពាណិជ្ជកម្ម របស់ប្រទេសជប៉ុន គ្រោងនឹងណែនាំក្រុមហ៊ុន Google LLC ឲ្យធ្វើកំណែទម្រង់ការអនុវត្តន៍អាជីវកម្មរបស់ខ្លួន បន្ទាប់ពីបានរកឃើញថា ខ្លួនអាចនឹង ដាក់កំហិតដោយអយុត្តិធម៌ នៅកិច្ចព្រមព្រៀង ផ្សាយពាណិជ្ជកម្មស្វែង រករបស់ខ្លួន ជាមួយក្រុមហ៊ុន Yahoo Japan ។
ប្រភពបាននិយាយថា គណៈកម្មាការពាណិជ្ជកម្ម យុត្តិធម៌ជប៉ុន ជឿជាក់ថាការអនុវត្ត ដោយក្រុមហ៊ុនស្វែងរកយក្ស របស់សហរដ្ឋអាមេរិកអាចបំផ្លាញការប្រកួតប្រជែង នៅលើទីផ្សារផ្សាយពាណិជ្ជកម្មបន្ថែមទៀត។ ក្រុមហ៊ុន Yahoo Japan ឥឡូវនេះ LY Corp. បាននិយាយថា ខ្លួនគ្មានជម្រើសអ្វីក្រៅ ពីទទួលយកសំណើរបស់ Google ទេ ព្រោះវាទទួលបានបច្ចេកវិទ្យា ផ្សាយពាណិជ្ជកម្មពី Google ។
យោងតាមប្រភពបានឲ្យដឹងថា Google បានដាក់ជូនគណៈកម្មការពាណិជ្ជកម្ម នូវផែនការមួយដើម្បីកែលម្អ ការអនុវត្តរបស់ខ្លួន ដោយស្ម័គ្រចិត្ត ។ ប្រសិនបើគណៈកម្មការអនុម័តផែនការនេះ ក្រុមហ៊ុននឹងត្រូវ បានលើកលែង ពីការប្រឈមមុខនឹងការផាកពិន័យ ឬវិធានការដាក់ទណ្ឌកម្មផ្សេងទៀតដែលដាក់នៅក្រោមច្បាប់ប្រឆាំងផ្តាច់មុខ។
ក្រុមហ៊ុនទាំងពីរបាន ចុះកិច្ចសន្យាជាមួយគ្នានៅប្រហែលឆ្នាំ ២០១០ ធ្វើឲ្យក្រុមហ៊ុន Yahoo ប្រើប្រាស់បច្ចេកវិទ្យា ផ្សាយពាណិជ្ជកម្មស្វែងរករបស់ Google ដែលបង្ហាញការផ្សាយពាណិជ្ជកម្ម តាមអ៊ីនធឺណិត ដែលភ្ជាប់ទៅនឹងពាក្យ គន្លឹះដែលបានស្វែងរក ។
នេះបើយោងតាមប្រភព បានប្រាប់ឲ្យដឹងថា ប៉ុន្តែក្រោយមក Google បានទាមទារឲ្យ Yahoo បញ្ឈប់ការផ្តល់ការផ្សាយ ពាណិជ្ជកម្មដែលភ្ជាប់ការស្វែងរក ទៅកាន់គេហទំព័រផតថល នៃដៃគូអាជីវកម្មរបស់ខ្លួន ៕
ដោយ៖លី ភីលីព