ព័ត៌មានអន្តរជាតិ

ប្រទេស G7 បង្កើនកិច្ចសហប្រតិបត្តិការ ជុំវិញភាពតានតឹងនៅមជ្ឈិមបូព៌ា

Kyodo

បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង៧ បានព្រមព្រៀងគ្នាថា ពួកគេនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយស្ថានការណ៍នៅមជ្ឈិមបូព៌ា ខណៈដែលភាពតានតឹងកើនឡើងនៅក្នុងតំបន់បន្ទាប់ពីការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់ មកលើអ៊ីស្រាអែលនាពេលថ្មីៗនេះ។

ខណៈពេលដែលអ្នកការទូតកំពូលបានប្រមូលផ្តុំគ្នានៅលើកោះរមណីយដ្ឋានអ៊ីតាលី Capri សម្រាប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃរបស់ពួកគេ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើប្រទេសអ៊ីរ៉ង់ ដោយផ្តោតលើអង្គភាព និងបុគ្គលដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មដ្រូន និងមីស៊ីលរបស់ខ្លួន។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលខ្ញុំបានពិភាក្សាជាមួយមេដឹកនាំ G7 មិត្តរបស់ខ្ញុំ បន្ទាប់ពីការវាយប្រហារ ពួកយើងប្តេជ្ញាធ្វើសកម្មភាពរួមគ្នាដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ សម្ព័ន្ធមិត្ត និងដៃគូរបស់យើង នឹងចេញទណ្ឌកម្ម និងវិធានការណ៍បន្ថែម ដើម្បីរឹតត្បិតកម្មវិធីយោធាអស្ថិរភាពរបស់អ៊ីរ៉ង់”។

ខណៈពេលដែលអំពាវនាវឱ្យមានការថយចុះ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ដែលជាប្រធានកិច្ចប្រជុំ G7 បានឲ្យដឹងថា ការដាក់ទណ្ឌកម្មអ៊ីរ៉ង់ គឺស្ថិតនៅក្នុងរបៀបវារៈ ហើយបានផ្តល់ការគាំទ្រដល់អ៊ីស្រាអែល។

យោងតាមរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានប្រាប់សមភាគីលោកស្រីថា លោកស្រីមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ដែលការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែយ៉ាប់យ៉ឺន និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការកើនឡើងបែបនេះ។

ការប្រមូលផ្តុំនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បានបញ្ចេញរបាំងការពារមីស៊ីល និងយន្តហោះដ្រូនលើអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន ក្នុងអ្វីដែលខ្លួនឲ្យដឹងថា ជាការសងសឹក ចំពោះការវាយប្រហារដោយអ៊ីស្រាអែល ទៅលើផ្នែកកុងស៊ុលរបស់ស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាសកាលពីថ្ងៃទី០១ ខែមេសា៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top