យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ជិតមួយសប្តាហ៍បន្ទាប់ពីការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមករបស់ទីក្រុងតេអេរ៉ង់ ជាមួយនឹងកាំជ្រួចរាប់រយគ្រាប់ និងយន្តហោះដ្រូនលើអ៊ីស្រាអែល។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការផ្ទុះត្រូវបានគេឮនៅជិតអាកាសយានដ្ឋានមួយក្នុងខេត្ត Isfahan ភាគកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែកន្លែងនុយក្លេអ៊ែរនៅក្នុងខេត្តនេះមិនបានខូចខាតនោះទេ។
កាសែត The New York Times បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ ៣នាក់ ដែលមានទីតាំងនៅជិតទីក្រុង Isfahan ។ ប្រភពយោធាអ៊ីរ៉ង់បានប្រាប់កាសែតក្យូដូឲ្យដឹងថា កងទ័ពបានស្ទាក់ចាប់យន្តហោះដ្រូនចំនួន ៣គ្រឿង នៅក្បែរមូលដ្ឋានយោធា។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងតាំងពីដំបូងថា ការវាយប្រហាររបស់អ៊ីស្រាអែលជាប់ពាក់ព័ន្ធនឹងកាំជ្រួច ប៉ុន្តែដោយបានដកស្រង់សម្ដីមន្ត្រីអ៊ីរ៉ង់បានរាយការណ៍ថា នេះមិនមែនជាករណីនោះទេ។
ប្រភព បានឲ្យដឹងដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ថា ការផ្ទុះដែលបានឮនៅក្នុងខេត្ដ Isfahan គឺជាលទ្ធផលនៃប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបានធ្វើឱ្យសកម្ម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរអាកាសចរណ៍អ៊ីរ៉ង់បានផ្អាកជើងហោះហើរពីលើខេត្ដ Isfahan ក៏ដូចជាផ្នែកខាងលិច និងនិរតីនៃប្រទេសអ៊ីរ៉ង់។
គេហទំព័រ Bloomberg បានរាយការណ៍ថា មន្ត្រីអ៊ីស្រាអែល បានជូនដំណឹងដល់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេគ្រោងនឹងសងសឹកក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងបន្ទាប់ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីរនាក់៕
ប្រែសម្រួល ឈូក បូរ៉ា