យេរ៉ូសាឡឹម៖ កាលពីថ្ងៃអាទិត្យ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានសន្យាថា នឹងបង្កើនការបង្រ្កាបដោយយោធាទៅលើក្រុមហាម៉ាស់ ។
នៅក្នុងការគូសបញ្ជាក់តាមរយៈខ្សែវីដេអូ លោក Netanyahu បានគំរាមកំហែងសកម្មភាព “នៅប៉ុន្មានថ្ងៃខាងមុខនេះ” ដោយមិនបានបញ្ជាក់លម្អិតអំពីពេលវេលា និងទីកន្លែងនោះទេ ។
គាត់បានថ្លែងថា “យើងនឹងវាយទៅលើក្រុមនេះជាមួយនឹងការវាយប្រហារដ៏ឈឺចាប់បន្ថែមទៀត ហើយវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ” ។
លោកបានបញ្ជាក់ថា នៅប៉ុន្មានថ្ងៃខាងមុខ អ៊ីស្រាអ៊ែល “នឹងបង្កើនសម្ពាធផ្នែកយោធា និងការទូតលើក្រុមហាម៉ាស់ ព្រោះនេះជាមធ្យោបាយតែមួយគត់ក្នុងការដោះលែងចំណាប់ខ្មាំងរបស់យើង និងសម្រេចបាននូវជ័យជម្នះរបស់យើង” ។
គួររំលឹកថា លោក Netanyahu ធ្លាប់បានថ្លែងយ៉ាងដូច្នេះកាលពីមុនថា យោធាអ៊ីស្រាអ៊ែល នឹងចាប់ផ្តើមការវាយលុកលើដី Rafah បើទោះបីជាមានការអំពាវនាវ អន្តរជាតិឱ្យបដិសេធពីសកម្មភាពបែបនេះ ដោយសារតែការរំពឹងទុកថា វានឹងប្រាកដណាស់ប៉ះពាល់ដល់ជនស៊ីវិលជាង១លាននាក់ ដែលកំពុងស្វែងរកទីជម្រកនៅក្នុងទីក្រុង ភាគខាងត្បូងរបស់ហ្គាហ្សា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា