ម៉ានីល៖ នៅថ្ងៃចន្ទនេះ យោធាហ្វីលីពីន និងសហរដ្ឋអាមេរិក រាប់ពាន់នាក់ បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅក្នុងប្រទេសហ្វីលីពីន ខណៈដែលការអះអាងកាន់តែខ្លាំងឡើង របស់ក្រុងប៉េកាំង នៅក្នុងតំបន់ដោយបង្កើនការភ័យខ្លាចពាក់ព័ន្ធរឿងជម្លោះដែនទឹក ។
សមយុទ្ធប្រចាំឆ្នាំដែលត្រូវបានគេហៅថា Balikatan រឺហៅថា “ប្រគៀកស្មាគ្នា” នឹងត្រូវប្រមូលផ្តុំនៅតំបន់ភាគខាងជើង និងខាងលិចនៃប្រទេសប្រជុំកោះ នៅជិតចំណុចសំខាន់ៗនៃសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ។
ប្រទេសចិន បានទាមទារផ្លូវទឹកស្ទើរតែទាំងស្រុង ដែលជាផ្លូវសំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ហើយថែមទាំងចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន។
ឧត្តមសេនីយឯក William Jurney មេបញ្ជាការកងម៉ារីន សហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងថា “យើងនឹងបង្ហាញឲ្យពលរដ្ឋហ្វីលីពីន និងពិភពលោកដឹងថា យើងមានភាពប្រសើរឡើង ហើយយើងនឹងមិនឈប់ធ្វើដូច្នេះឡើយ” ។ ពិធីនេះបានចាប់ផ្តើមឡើងនៅទីក្រុងម៉ានីល ។
មេបញ្ជារូបនេះបានបញ្ជាក់ថា «”នៅពេលដែលយើងកាន់តែ ប្រសើរ ហ្វីលីពីនកាន់តែរឹងមាំ សុវត្ថិភាព និងកាន់តែមានសុវត្ថិភាពថែមទៀត” ។
គេបានដឹងថា ជាការឆ្លើយតបទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់ ប្រទេសចិន សហរដ្ឋអាមេរិក បាននិងកំពុងពង្រឹងសម្ព័ន្ធភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងហ្វីលីពីនផងដែរ ។
គិតចាប់តាំងពីប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ចូលកាន់តំណែងក្នុងឆ្នាំ២០២២ ក្រុងវ៉ាស៊ីនតោន និងក្រុងម៉ានីល គឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញា ហើយបានពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ របស់ពួកគេឱ្យកាន់តែស៊ីជម្រៅ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា