ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា តុលាការទីក្រុងម៉ូស្គូ បានបង្កកគណនីធនាគារ ទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Timur Ivanov និងក្រុមគ្រួសាររបស់គាត់ នៅក្នុងការស៊ើបអង្កេតពីបទស៊ីសំណូក ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ី ការសម្រេចចិត្តរបស់តុលាការ អនុវត្តចំពោះទ្រព្យសម្បត្តិ ដែលបានចុះបញ្ជីទាំងអស់ ដែលជាកម្មសិទ្ធិរបស់លោក Ivanov ភរិយា អតីតភរិយា និងកូន៥នាក់ រួមទាំងកូនចិញ្ចឹមផងដែរ ។
វិធានការនេះប្រើជាការប្រុងប្រយ័ត្ន ក្នុងករណីដែលមន្ត្រីជាន់ខ្ពស់ ត្រូវបានរកឃើញថា មានទោសជាបន្តបន្ទាប់ ។
ចំណាត់ការផ្លូវច្បាប់នេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថ្មីៗអំពីការចាប់ខ្លួនលោក Ivanov ពីបទសង្ស័យថា ទទួលសំណូកជាពិសេស ។ លោក Ivanov បានចូលកាន់តំណែង របស់គាត់នៅខែឧសភា ឆ្នាំ២០១៦ ដោយទទួលបន្ទុករៀបចំការគ្រប់គ្រងទ្រព្យសម្បត្តិ ការផ្តល់កន្លែងស្នាក់នៅដល់កងទ័ព លំនៅដ្ឋាន និងជំនួយផ្នែកវេជ្ជសាស្រ្ត សម្រាប់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាត្រួតពិនិត្យលទ្ធកម្ម ក្រោមបញ្ជាការពាររដ្ឋផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា