វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ស្ថិតនៅទីក្រុង Syracuse និងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍បាន ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ផ្តល់ប្រាក់ដល់ក្រុមហ៊ុនផលិតបន្ទះឈីប អង្គចងចាំ Micron Technology ជាមួយនឹងជំនួយ ៦.១ ពាន់លានដុល្លារជាជំនួយរបស់សហព័ន្ធ ដើម្បីគាំទ្រដល់ក្រុមហ៊ុន ក្នុងការសាងសង់រោងចក្រនៅរដ្ឋញូវយ៉ក និងអៃដាហូ។
លោក Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យើងកំពុងនាំយកការផលិតបន្ទះឈីបកម្រិតខ្ពស់ត្រឡប់ទៅអាមេរិកវិញបន្ទាប់ពី ៤០ ឆ្នាំ។ លោកបាបន្តថា ការផ្តល់មូលនិធិដែលផ្គូផ្គងនឹងការវិនិយោគ ១២៥ ពាន់លានដុល្លារពី Micron តំណាងឲ្យការវិនិយោគឯកជនដ៏ធំបំផុតតែមួយគត់ មិនធ្លាប់មាក្នុងប្រវត្តិសាស្ត្រនៃរដ្ឋទាំង២នេះ ។
សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះនឹងគាំទ្រ ដល់ការសាងសង់រោងចក្រពីរនៅ Clay ជាយក្រុង Syracuse ញូវយ៉ក និងមួយនៅ Boise រដ្ឋ Idaho ។ ជំនួយនេះនឹងបញ្ចេញ ៥០ ពាន់លានដុល្លារ ក្នុងការវិនិយោគឯកជននៅឆ្នាំ ២០៣០ ជាជំហានដំបូង ឆ្ពោះទៅរកការ វិនិយោគរបស់ Micron រហូតដល់ ១២៥ ពាន់លានដុល្លារនៅទូទាំងរដ្ឋទាំង២ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ។
កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសកាលពីសប្តាហ៍មុនដោយមេដឹកនាំភាគច្រើននៃព្រឹទ្ធសភា លោក Chuck Schumer ជាអ្នកប្រជាធិបតេយ្យមក ពីទីក្រុងញូវយ៉ក បានបញ្ចុះបញ្ចូល Micron ឲ្យវិនិយោគក្នុង រដ្ឋរបស់លោក។ វាជារង្វាន់ចុងក្រោយបង្អស់ នៃពានរង្វាន់ផ្តល់ដោយរដ្ឋបាល ដែលមានបំណងដើម្បីជំរុញការផលិតក្នុងស្រុកនៃ Semiconductors កម្រិតខ្ពស់ដោយប្រើមូលនិធិពីបន្ទះឈីប និងច្បាប់វិទ្យាសាស្រ្តឆ្នាំ ២០២២។ គោលបំណងដើម្បីជំរុញការផលិតក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់បន្ទះឈីបពីប្រទេសចិន និងតៃវ៉ាន់។
លោក Schumer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវិនិយោគនេះ នឹងបញ្ចូលប្រាក់បន្ថែមដល់ Micron ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីប អង្គចងចាំកម្រិតខ្ពស់បំផុតនៅលើពិភពលោក។ អនាគតរបស់អាមេរិកនឹងត្រូវបានសាងសង់នៅទីក្រុង Syracuse មិនមែននៅទីក្រុងសៀងហៃទេ។
រដ្ឋបាលថ្មីៗនេះបានផ្តល់រង្វាន់ដល់ក្រុមហ៊ុន Samsung, Taiwan Semiconductor, Intel, GlobalFoundries, Microchip Technology និង BAE Systems ច្រើនជាង ២៩ ពាន់លានដុល្លារ ជាជំនួយរបស់សហព័ន្ធសម្រាប់ការវិនិយោគលើការផលិតបន្ទះឈីប ។ វាគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីចាប់យកការប្រកួតប្រជែងផលិតគ្រឿងអេឡិចត្រូនិក សកលដែលបច្ចុប្បន្នគ្របដណ្តប់ ដោយប្រទេសចិន តៃវ៉ាន់ និងកូរ៉េខាងត្បូង។
នេះបើយោងតាមសមាគមឧស្សាហកម្ម Semiconductor ថា ចំណែកសហរដ្ឋអាមេរិក នៃសមត្ថភាពផលិតឧបករណ៍អេឡិចត្រូនិកសកលបានធ្លាក់ចុះពី ៣៧ភាគរយកាលឆ្នាំ ១៩៩០ មកត្រឹម ១២ភាគរយ នាពេលបច្ចុប្បន្ននេះ ភាគច្រើន ដោយសារតែរដ្ឋាភិបាល ផ្សេងទៀតបានផ្តល់ការលើកទឹកចិត្ត ដល់ការផលិត និងវិនិយោគក្នុងការស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពផលិតបន្ទះសៀគ្វីក្នុងស្រុក ៕
ដោយ៖លី ភីលីព