ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ទាមទារឱ្យអ៊ីស្រាអែល បើកច្រកឆ្លង កាត់ជាមួយហ្គាហ្សា សម្រាប់ការចូលជំនួយមនុស្សធម៌

គែរ ៖ រដ្ឋមន្ត្រីការបរទេស អេហ្ស៊ីប លោក Sameh Shoukry បានសង្កត់ធ្ងន់កាលពីថ្ងៃសុក្រ ពីតម្រូវការសម្រាប់អ៊ីស្រាអែល ក្នុងការបើកច្រកឆ្លងកាត់ដី ទាំងអស់ រវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាស្ទ្រីប សម្រាប់ការទទួលបានពេញលេញ សុវត្ថិភាព និងគ្មានការរារាំង ដល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះ សម្រាប់ដែលកំពុងហែកហួរ ដោយសង្រ្គាមមួយនេះ។

ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Shoukry បានធ្វើការកត់សម្គាល់ក្នុងអំឡុង ពេលសន្ទនាតាមទូរស័ព្ទ ជាមួយលោក Sigrid Kaag អ្នកសម្របសម្រួល ផ្នែកមនុស្សធម៌ និងកសាងឡើងវិញជាន់ខ្ពស់របស់អង្គការ សហប្រជាជាតិ សម្រាប់តំបន់ហ្គាហ្សា។

អ្នកការទូតកំពូលរបស់អេហ្ស៊ីប និងមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយអំពីគ្រោះថ្នាក់នៃប្រតិបត្តិការយោធាអ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា ក៏ដូចជាការគ្រប់គ្រង របស់អ៊ីស្រាអែល លើផ្នែកឆ្លងកាត់រ៉ាហ្វា របស់ប៉ាឡេស្ទីន។

ពួកគេក៏បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការធានានូវលក្ខខណ្ឌសុវត្ថិភាព សម្រាប់ជំនួយមនុស្សធម៌ ក្នុងការចូលទៅកាន់ច្រករ៉ាហ្វា និងបញ្ចប់ប្រតិបត្តិការយោធា នៅក្នុងតំបន់ជុំវិញរបស់ខ្លួន ។

លោក Shoukry បានបញ្ជាក់ពីសារៈសំខាន់ របស់អ៊ីស្រាអែល ក្នុងការគោរព និងការពារបុគ្គលិកមនុស្សធម៌ ដោយមិនកំណត់គោលដៅទីស្នាក់ការ របស់ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ ក៏ដូចជាការធានាឱ្យមានសិទ្ធិចូលដំណើរការ និងសេរីភាពនៃចលនារបស់នាវិកសង្គ្រោះនៅតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top