ព័ត៌មានអន្តរជាតិ

ប្រធានគោល នយោបាយការបរទេស របស់ប្លុកអឺរ៉ុបថា អឺរ៉ុបនឹងមិនទទួលស្គាល់ កោះតៃវ៉ាន់ថា ជារដ្ឋឡើយ

RT News

បរទេស៖ ប្រធានគោលនយោបាយការបរទេស របស់ប្លុក (អឺរ៉ុប) លោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុបគួរតែរឹងមាំក្នុងការធានាថា ជម្លោះយោធាមិនផ្ទុះឡើងលើកោះតៃវ៉ាន់ ដែលវាចាត់ទុកថាជាផ្នែកមួយនៃ “ប្រទេសចិនតែមួយ” ឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាពតានតឹងជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន គឺបានកំពុងកើនឡើង ខណៈដែលសហរដ្ឋអាមេរិក រក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយរដ្ឋាភិបាលតៃវ៉ាន់ និងផ្គត់ផ្គង់កោះនេះជាមួយនឹងអាវុធការពារ។

ថ្លែងទៅកាន់ទស្សនាវដ្ដី Foreign Policy ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ាក្នុងសប្តាហ៍នេះ ដើម្បីជួបមេដឹកនាំបច្ចេកវិទ្យា និងមន្ត្រីរដ្ឋ លោក Borrell បាននិយាយអំពីបញ្ហាមួយចំនួន រួមទាំងបទប្បញ្ញត្តិបច្ចេកវិទ្យា ទំនាក់ទំនង EU-អាមេរិក ប្រទេសចិន និងជម្លោះភូមិសាស្ត្រនយោបាយ ក៏ដូចជាជំហររបស់ EU ស្តីពី កោះតៃវ៉ាន់ និងជម្លោះយោធាដ៏មានសក្តានុពល។

លោក Borrell បានប្រាប់អ្នកសារព័ត៌មានថា “យើងបន្តនិយាយដូចគ្នា៖ យើងជឿថា យើងត្រូវកាត់បន្ថយភាពតានតឹង យើងត្រូវគោរពលក្ខន្តិកៈនៃសង្រ្គាម ហើយយើងត្រូវតែដកចេញនូវលទ្ធភាពនៃដំណោះស្រាយយោធាចំពោះបញ្ហា”។

លោកបន្តថា “ជំហរថេររបស់យើង គឺយើងមិនទទួលស្គាល់ភាពជារដ្ឋរបស់កោះតៃវ៉ាន់ ហើយយើងនឹងមិនធ្វើវានោះទេ។ វា (តៃវ៉ាន់) ជាប្រទេសចិនតែមួយ។ វាមានន័យថា យើងនឹងមិនទទួលស្គាល់ភាពជារដ្ឋរបស់តៃវ៉ាន់ទេ។ យើង​នឹង​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​ជាមួយ​នឹង​ទឹកដី​នេះ​ដោយ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ភាព​ជា​រដ្ឋ»។

លោក​បាន​បន្ថែម​ថា សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់ «យល់​ថា​គ្មាន​ដំណោះស្រាយ​យោធា​ចំពោះ​បញ្ហា​នេះ​ទេ»៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top