ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple បញ្ចុះតម្លៃ iPhone ជាង ៣០០ ដុល្លារនៅប្រទេសចិន

Xinhua

ចិន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានចាប់ផ្តើមយុទ្ធនាការ បញ្ចុះតម្លៃយ៉ាងខ្លាំងក្លា នៅលើគេហទំព័រផ្លូវការ Tmall របស់ខ្លួននៅប្រទេសចិន ដោយផ្តល់ជូន នូវការបញ្ចុះតម្លៃរហូតដល់ ២,៣០០យន់ (៣១៨ ដុល្លារ) លើម៉ូដែល iPhone មួយចំនួន ។

ការបញ្ចុះតម្លៃនេះធ្វើឡើង នៅពេលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក ស្វែងរកការការពារទីតាំង របស់ខ្លួននៅ លើទីផ្សារ ស្មាតហ្វូនលំដាប់ខ្ពស់ ជាកន្លែងដែលវាប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំង ឡើងពីគូប្រជែង ក្នុងស្រុកដូចជា Huawei ។ ដំណើរការចាប់ពីថ្ងៃទី ២០ ខែឧសភាដល់ថ្ងៃទី ២៨ ខែឧសភា វាមានបរិមាណច្រើនជាងអ្វីដែល Apple ផ្តល់ជូនកាលខែកុម្ភៈ ។

ការបញ្ចុះតម្លៃខ្ពស់បំផុត ក្នុងយុទ្ធនាការខែកុម្ភៈ គឺ១,១៥០ យន់ ការបញ្ចុះតម្លៃលើកនេះមានរហូតដល់ ២៣០០ យន់។ ការបញ្ចុះតម្លៃដ៏ចោតបំផុត អនុវត្តចំពោះម៉ូដែល iPhone 15 Pro Max 1TB ខណៈម៉ូដែលផ្សេងទៀត ក៏ឃើញការបញ្ចុះតម្លៃគួរ ឲ្យកត់សម្គាល់ ។

នេះបើយោងតាមការត្រួតពិនិត្យរបស់ Reuters កាលពីថ្ងៃចន្ទបានប្រាប់ឲ្យដឹងថា កំណែ 128 GB នៃម៉ូដែល iPhone 15 មូលដ្ឋានមានការបញ្ចុះតម្លៃ ១,៤០០ យន់ ។ ការកើនឡើងសម្ពាធនៃការប្រកួតប្រជែងលើ Apple កើតឡើង បន្ទាប់ពីក្រុមហ៊ុន Huawei កាលពីខែមុនបានណែនាំស៊េរីស្មាតហ្វូនស៊េរីខ្ពស់របស់ខ្លួនគឺ Pura 70 បន្ទាប់ពីការចេញលក់ Mate 60 កាលពីខែសីហា ។

នេះបើយោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យពី China Academy of Information and Communication Technology (CAICT) ថា កិច្ចខិតខំប្រឹងប្រែងបញ្ចុះតម្លៃពីមុនរបស់ក្រុមហ៊ុន Apple កាលខែកុម្ភៈ ហាក់ដូចជាបានជួយក្រុមហ៊ុន កាត់បន្ថយការធ្លាក់ចុះ នៃការលក់នៅប្រទេសចិន ។

ការនាំចេញរបស់ក្រុមហ៊ុន Apple នៅប្រទេសចិនបានកើនឡើង ១២ភាគរយកាលខែមីនា ។ នេះបង្ហាញពីភាពប្រសើរឡើង គួរឲ្យកត់សម្គាល់ពី ២ ខែដំបូងនៃឆ្នាំ ២០២៤ នៅពេលក្រុមហ៊ុន បានជួបប្រទះការធ្លាក់ចុះនៃការលក់ ៣៧ ភាគរយ៕
ដោយ៖លី ភីលីព

Most Popular

To Top