យេរ៉ូសាឡឹម ៖ អធិការ នៃក្រសួងទំនាក់ទំនងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ បានរឹបអូសឧបករណ៍ថតរូប និងបញ្ឈប់ការផ្សាយផ្ទាល់ របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរដ្ឋ របស់អ៊ីស្រាអែល បានរាយការណ៍ថា ទូរទស្សន៍ Kan TV ។
សកម្មភាពរបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Sderot ភាគខាងត្បូង ក្បែរតំបន់ហ្គាហ្សាស្ទ្រីប នៅពេលដែលក្រុមសារព័ត៌មាន AP កំពុងចងក្រងឯកសារ អំពីស្ថានភាពនៅតំបន់ហ្គាហ្សា ចំពេលមានជម្លោះកំពុងបន្ត។
ក្រសួងបានឲ្យដឹងថា AP បានបំពានច្បាប់ អ៊ីស្រាអែលថ្មី ដែលបានអនុម័តនៅដើមខែមេសា ដោយផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាល ក្នុងការរារាំងការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ក្នុងប្រទេសអ៊ីស្រាអែល។
ក្រសួងបានឲ្យដឹងថា ទីភ្នាក់ងារនេះ បានផ្ទេរសម្ភារៈដែលខ្លួនថតទៅឱ្យ Al Jazeera ដូច្នេះបានបំពានច្បាប់ថ្មី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹងទៀតថា “រដ្ឋាភិបាលអ៊ីស្រាអែល បានកំណត់ថា ខ្លួននឹងមិនអនុញ្ញាតឱ្យប៉ុស្តិ៍ Al Jazeera ដែលគាំទ្រក្រុមភេរវករ ចាក់ផ្សាយពី អ៊ីស្រាអែលឡើយ ច្បាប់ និងបទបញ្ជាមិនបែងចែកថាតើវាជា Al Jazeera ខ្លួនឯង ឬអ្នកផ្គត់ផ្គង់ ដែលប្រគល់សម្ភារៈទៅ ឱ្យវាពីអ៊ីស្រាអែលនោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា