ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី G7 នឹងបញ្ចេញផែនទី បង្ហាញផ្លូវសម្រាប់ការប្រើប្រាស់ ទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលបង្កក

បរទេស ៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកពីប្រទេស G7 នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃសៅរ៍បង្ហាញពីការគាំទ្រ របស់ពួកគេ ចំពោះការប្រើប្រាស់ប្រាក់ចំណូល ដែលរកបានប្រហែល ៣០០ ពាន់លានដុល្លារនៅក្នុងទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលបង្កក ដើម្បីជួយដល់អ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងពិភាក្សាអំពីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍នៅទីក្រុង Stresa របស់អ៊ីតាលី មុនពេលកិច្ចប្រជុំកំពូលនៃមេដឹកនាំ G7 នៅខែមិថុនា។

នៅក្នុងការបន្តនៃកិច្ចប្រជុំនេះ សហរដ្ឋអាមេរិកបាន និងកំពុងដាក់សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុប របស់ខ្លួនឱ្យប្រើប្រាស់ប្រាក់ ចំណេញ នាពេលអនាគតពីមូលនិធិរុស្ស៊ី ដែលបានបង្កក ជាការធានាសម្រាប់ប្រាក់ កម្ចីរាប់ពាន់លានដុល្លារ ដល់ទីក្រុងគៀវ ។ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន ដំបូងបានតស៊ូមតិអំពីការរឹបអូស យកលុយនេះទាំងស្រុង ខាងអឺរ៉ុបបានជំទាស់ ដោយលើកឡើងពីបញ្ហាផ្លូវច្បាប់ និងការខូចខាតដែលអាចកើតមាន ចំពោះភាពជឿជាក់ផ្នែកហិរញ្ញវត្ថុ របស់ប្រទេសលោកខាងលិច ។

យោងតាមសេចក្តីប្រកាស សេចក្តីព្រាងដែលឃើញដោយ Bloomberg ប្រធានផ្នែកហិរញ្ញវត្ថុនឹងបញ្ជាក់ថា ពួកគេកំពុង “ពិភាក្សាអំពីគម្រោង ដែលមានសក្តានុពលក្នុងការនាំយកប្រាក់ចំណូល ដ៏វិសេសវិសាលដែលកើតចេញពីទ្រព្យសម្បត្តិ អធិបតេយ្យភាពរបស់រុស្ស៊ី ដែលបានបង្កកជាប្រយោជន៍ ដល់អ៊ុយក្រែន”៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top