ព័ត៌មានអន្តរជាតិ

ប្រធានក្រុមហ៊ុន Tesla ៖ ការយកពន្ធលើរថយន្តអគ្គិសនី របស់ចិន ជាការបង្ខូចការទ្រង់ទ្រាយ ទីផ្សាររថយន្តពិភពលោក

RT News

អាមេរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងជាមហាសេដ្ឋីបច្ចេកវិទ្យាយក្ស អាមេរិក លោក Elon Musk បានបរិហារពន្ធ ដែលបានប្រកាសថ្មី របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនថា វាជាសកម្មភាពមិនល្អឡើយ ។

ទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញ ពន្ធដ៏ច្រើនលើទំនិញ របស់ចិនកាលពីដើមខែនេះ ដោយបានដំឡើងពន្ធបួនដងលើរថយន្ត EV ដល់ជាង ១០០ភាគរយ។ វិធានការថ្មីនេះប៉ះពាល់ដល់ ទំនិញនាំចូលពីចិនតម្លៃ១៨ ពាន់លានដុល្លារ។ លោក Musk បាននិយាយក្នុងសន្និសីទ Viva Technology នៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ថា អ្វីដែលរារាំងសេរីភាព នៃការដោះដូរ ឬបង្ខូចទ្រង់ទ្រាយទីផ្សារគឺមិនល្អទេ ។

លោកបានបន្តថា ទាំង Tesla និងខ្ញុំបានស្នើសុំពន្ធទាំងនេះ តាមពិតខ្ញុំមានការភ្ញាក់ផ្អើល នៅពេលពួកគេត្រូវបានប្រកាស។ ក្រុមហ៊ុន Tesla ប្រកួតប្រជែងបានយ៉ាងល្អនៅលើទីផ្សារក្នុងប្រទេសចិនដោយគ្មានពន្ធគយ និងមិនមានការគាំទ្រផ្នែកការពារ។

ការលើកឡើងរបស់លោក Musk កើតឡើងនៅពេលមានការត្រឡប់ពីជំហរមុន របស់លោកលើរបាំងពាណិជ្ជកម្ម របស់អាមេរិកជាមួយនឹងប្រទេសចិន។ ប្រធានក្រុមហ៊ុន Tesla បាននិយាយកាលពីខែមករាថា ពន្ធពាណិជ្ជកម្ម គឺត្រូវការជាចាំបាច់ បើមិនដូច្នេះទេ ចិននឹងកម្ទេចក្រុមហ៊ុន រថយន្តផ្សេងទៀត ភាគច្រើននៅលើពិភពលោក ។

ទោះបីជាដំណើរការ របស់ក្រុមហ៊ុន Tesla ត្រូវបានជះឥទ្ធិពលដោយការប្រកួតប្រជែងពីអ្នកផលិតចិនក៏ដោយ ក៏កាលពីខែមុន Tesla បានដណ្តើមតំណែង របស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្ត EV ដ៏ធំបំផុតនៅលើពិភពលោកពីគូប្រជែងរបស់ខ្លួន BYD ដោយផ្អែកលើការលក់ត្រីមាសទីមួយ ៕
ដោយ៖លី ភីលីព

Most Popular

To Top