ព័ត៌មានអន្តរជាតិ

តួកគី ឃុំខ្លួនមន្ត្រីប៉ូលិស៩នាក់ ជាប់ពាក់ព័ន្ធនឹងការរៀបចំ ប៉ុនប៉ង ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦

AFP

អ៊ីស្តង់ប៊ុល ៖ នៅថ្ងៃពុធនេះ ប៉ូលិសតួកគី បានឃុំខ្លួនមន្ត្រីប៉ូលិស៩នាក់ នៅក្នុងខេត្តភាគខាងលិច នៃ ក្រុង Izmir ជុំវិញការចោទប្រកាន់ របស់ពួកគេទាក់ទងទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំ ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ២០១៦ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍មកថា មន្ត្រីប៉ូលិស ចំនួន៦នាក់ ដែលបច្ចុប្បន្នកំពុងបម្រើការ នៅក្នុងនាយកដ្ឋានប៉ូលិសក្រុង Izmir រួមជាមួយនឹងអតីតស្នងការរងប៉ូលិស ចំនួន៣នាក់ត្រូវបានឃុំខ្លួន នៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំមួយ ។

ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើម ដោយការិយាល័យរដ្ឋអាជ្ញា សាធារណៈក្រុង Izmir ក្រោយពីការប្តេជ្ញាចិត្តថា ជនសង្ស័យមានទំនាក់ទំនង ជាមួយសមាជិកនៃចលនា Gulen ដែលជាបណ្តាញដឹកនាំ ដោយគ្រូគង្វាលតួកគីឈ្មោះ Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។

បណ្តាញនេះ ត្រូវបាន ចោទប្រកាន់ដោយរដ្ឋាភិបាលថា បានជ្រៀត ចូលទៅ ក្នុងការិយាធិបតេយ្យ របស់រដ្ឋហើយ បន្ទាប់មកបានប៉ុនប៉ង ធ្វើរដ្ឋប្រហារ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្សយ៉ាងហោច ណាស់ អស់២៥០នាក់ ។ ក្រោយពីការប៉ុនប៉ងនេះ រដ្ឋាភិបាលបានចាប់ផ្តើម ការបង្ក្រាបយ៉ាងពេញទំហឹងលើបុគ្គល ដែលសង្ស័យថា មានទំនាក់ទំនង ជាមួយចលនាមួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top