ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀងពេញលេញ ប្រសិនបើអ៊ីស្រាអែល បញ្ឈប់សង្គ្រាម

AFP

ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីការត្រៀមខ្លួនក្នុងការឈានដល់ “កិច្ចព្រមព្រៀងពេញលេញ ” រួមទាំងកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំង-អ្នកទោសដ៏ទូលំទូលាយ ប្រសិនបើអ៊ីស្រាអែល បញ្ឈប់សង្គ្រាមរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

ក្រុមហាម៉ាស់ បានឲ្យដឹងថា ខ្លួនបានបង្ហាញពីភាពបត់បែន និងវិជ្ជមានក្នុងការឆ្លើយតបទៅនឹង កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួល ពេញមួយជុំចរចាដោយប្រយោលពីមុនទាំងអស់ ប៉ុន្តែអ៊ីស្រាអែល បានប្រើការចរចាទាំងនេះ “ជាការបិទបាំង សម្រាប់ការបន្តការឈ្លានពាន” ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ដោយលើកឡើងពីប្រតិបត្តិការ យោធានៅទីក្រុងរ៉ាហ្វា និងការរឹបអូសនៃការឆ្លងកាត់ជាភស្តុតាង។

ក្រុមហាម៉ាស់ និងបក្សពួកប៉ាឡេស្ទីនផ្សេងទៀតនឹងមិនទទួលយកជាផ្នែកមួយនៃគោលនយោបាយនេះ ដោយការបន្តការចរចាក្នុងពន្លឺនៃ “ការឈ្លានពាន ការសម្លាប់ ការឡោមព័ទ្ធ ការអត់ឃ្លាន និងការប្រល័យពូជសាសន៍នៃប្រជាជនរបស់យើង”។

ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល Kan បានរាយការណ៍កាលពីថ្ងៃអង្គារថា អ៊ីស្រាអែលបានប្រគល់ឯកសារជាមួយនឹងសំណើរបស់អ៊ីស្រាអែល ទៅឱ្យកាតា និងអេហ្ស៊ីប ដើម្បីបន្តការចរចារ សម្រាប់ការផ្លាស់ប្តូរអ្នកជាប់ឃុំជាមួយក្រុមហាម៉ាស និងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

ជុំចុងក្រោយនៃការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលធ្វើជាម្ចាស់ផ្ទះដោយអេហ្ស៊ីប រយៈពេលពីរថ្ងៃនៅដើមខែនេះ បានជាប់គាំងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top