ឥណ្ឌា ៖ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានចេញការព្រមានពណ៌ក្រហម សម្រាប់ថ្ងៃពុធ និងការព្រមានពណ៌ទឹកក្រូច សម្រាប់ថ្ងៃព្រហស្បតិ៍ថា សីតុណ្ហភាពបំបែកកំណត់ត្រាឡើង ដល់៤៩.៩អង្សារសេត្រូវបានកត់ត្រានៅទីក្រុង Delhi កាលពីថ្ងៃអង្គារលើសពីកម្រិតធម្មតា ប្រហែល១០ ដឺក្រេ បានបណ្តាលឲ្យមានអ្នកទៅបោះឆ្នោតតិច ជាងមុនសម្រាប់ការបោះឆ្នោត ដែលកំពុងបន្តរបស់ខ្លួន ។
យោងតាមការ សិក្សាធ្វើឡើង ដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបរិស្ថាន (CSE) នៅទីក្រុងដេលីថា កម្ដៅខ្លាំងនៅរដ្ឋធានីឥណ្ឌា ត្រូវបានផ្សារ ភ្ជាប់ទៅនឹងការកើនឡើង នៃសំណង់ ។ ការសិក្សាបាននិយាយថា ដោយសារទីក្រុងបានពង្រីក និងតំបន់សាងសង់ បានកើនឡើងពី ៣១.៤ភាគរយក្នុងឆ្នាំ ២០០៣ ដល់ ៣៨.២ភាគរយក្នុងឆ្នាំ ២០២២ ភាពតានតឹងនៃកម្ដៅនៅទីក្រុងកាន់តែមានកាន់តែខ្លាំង ។
យោងតាម IMD បានឲ្យដឹងថា ប្រទេសអាស៊ីខាងត្បូងជាធម្មតាជួបប្រទះសីតុណ្ហភាពប្រចាំឆ្នាំក្តៅបំផុតរបស់ខ្លួនក្នុងខែមេសា ឧសភា និងមិថុនា មុនពេលរដូវមូសុងកាត់បន្ថយកម្ដៅ។ ទោះជាយ៉ាងណាក៏ដោយ មួយទសវត្សរ៍កន្លងមកនេះ បានឃើញសីតុណ្ហភាពខ្ពស់មិនធម្មតា។ ខ្យល់មូសុងទំនងជានឹងមកដល់ទីក្រុងដេលី និងតំបន់ជុំវិញរបស់វាប្រហែលថ្ងៃទី ៣០ ខែមិថុនា។
នៅថ្ងៃទី ២៦ ខែឧសភា IMD បានចេញការ ព្រមានពណ៌ក្រហមសម្រាប់លក្ខខណ្ឌរលកកម្ដៅរហូតដល់រលកកម្ដៅធ្ងន់ធ្ងរ ។សម្រាប់តំបន់មួយចំនួន នៅភាគខាងជើង នៃប្រទេសឥណ្ឌា រួមទាំងផ្នែកខ្លះនៃរដ្ឋ Rajasthan, Haryana, Chandigarh, Delhi, Punjab, Uttar Pradesh, Madhya Pradesh, Bihar និង Madhya Maharashtra ។
កាសែត Mint បានរាយការណ៍នៅថ្ងៃទី ២៤ ខែឧសភាដោយដកស្រង់ទិន្នន័យពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺ (NCDC) បានប្រាប់ឲ្យដឹងថា ការស្លាប់ទាក់ទងនឹងកម្ដៅប្រហែល ៦០ ត្រូវបានកត់ត្រាក្នុងអំឡុងពេលរលកកម្ដៅបច្ចុប្បន្ន៕
ដោយ៖លី ភីលីព