បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze បានលើកឡើងថា រដ្ឋាភិបាលទីក្រុង Tbilisi ចាំបាច់ត្រូវ ពិចារណាឡើងវិញ នូវទំនាក់ទំនងរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយហេតុថា អង្គការក្រៅរដ្ឋាភិបាល ដែលផ្តល់មូលនិធិដោយអាមេរិក បាននៅពីក្រោយការ ប៉ុនប៉ងយ៉ាងតិចពីរដង ក្នុងការផ្តួលរំលំរដ្ឋាភិបាល ។
សហរដ្ឋអាមេរិក បានគំរាមដាក់ទណ្ឌកម្មប្រឆាំង នឹងមន្ត្រីជាន់ខ្ពស់ហ្សកហ្ស៊ី បន្ទាប់ពីអតីតសាធារណរដ្ឋសូវៀតបានអនុម័តច្បាប់ភ្នាក់ងារបរទេស ដែលត្រូវបានបរិហារ ដោយលោកខាងលិចថា ជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។
លោក Kobakhidze បាននិយាយថា ហ្សកហ្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយសារតែនេះគឺ ជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។
រដ្ឋាភិបាលនៅទីក្រុង Tbilisi បានរងសម្ពាធយ៉ាងខ្លាំង ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីទម្លាក់ច្បាប់ ស្តីពីតម្លាភាពនៃឥទ្ធិពលបរទេស ដែលបានស្នើឡើង រហូតដល់ពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ូសែលបានគំរាមដាក់ទណ្ឌកម្ម និងការបញ្ឈប់សមាហរណកម្មសហភាពអឺរ៉ុប និងអង្គការណាតូ របស់ហ្សកហ្ស៊ីទៀតផង ។
ច្បាប់នេះនឹងតម្រូវ ឱ្យអង្គការក្រៅរដ្ឋាភិបាល បណ្តាញផ្សព្វផ្សាយ និងបុគ្គលដែលទទួលថវិកាលើសពី ២០ភាគរយ ពីបរទេស ដើម្បីចុះឈ្មោះជាអង្គភាព លើកកម្ពស់ផលប្រយោជន៍ នៃអំណាចបរទេស និងបង្ហាញម្ចាស់ជំនួយរបស់ពួកគេ ឬត្រូវពិន័យជាប្រាក់រហូត ដល់៩៥០០ដុល្លារ សម្រាប់ការមិនគោរពតាមច្បាប់៕
ប្រែសម្រួល៖ស៊ុនលី