ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបារាំង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង នឹងផ្គត់ផ្គង់យន្តហោះចម្បាំង Mirage ដល់អ៊ុយក្រែន និងបណ្តុះបណ្តាលទាហានរបស់ពួកគេ ។
លោក ម៉ាក្រុង បានលើកឡើងថា “យើងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការថ្មី និងផ្ទេរ Mirage 2000-5s” ។ មេដឹកនាំបារាំងរូបនេះ ក៏បានសន្យាបណ្តុះបណ្តាលកងវរសេនាតូចអ៊ុយក្រែនទាំងមូលចំនួន ៤,៥០០នាក់ ដើម្បីដាក់ពង្រាយនៅសមរភូមិ។
លោកបានបន្ដថា ការផ្តល់យន្តហោះចម្បាំងរបស់បារាំង “មិនមែនជាកត្តានៃការកើនឡើងនោះទេ” ហើយបានសន្យាថា “អាវុធទាំងនេះនឹងមិនត្រូវបានប្រើ ដើម្បីទម្លាក់គ្រាប់បែកលើជនស៊ីវិលនោះឡើយ” ហើយលើសពីនេះ លោក ម៉ាក្រុង មិនរាប់បញ្ចូលលទ្ធភាពនៃការបញ្ជូនគ្រូយោធាទៅអ៊ុយក្រែននោះទេ។
លោកបានឲ្យដឹងក្នុងបទសម្ភាសន៍មួយថា “វាមិនគួរមានបម្រាម លើប្រធានបទនេះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថា យន្ដហោះចម្បាំង Mirage 2000 គឺជាយន្តហោះចម្បាំងពហុតួនាទីរបស់ប្រទេសបារាំង ដែលមានម៉ាស៊ីនតែមួយ ជំនាន់ទី៤ ផលិតដោយក្រុមហ៊ុន Dassault Aviation ។
នៅចុងខែកុម្ភៈ លោក ម៉ាក្រុង បានស្នើឱ្យ បណ្តាប្រទេស អឺរ៉ុប គួរតែបញ្ជូនទាហានទៅអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំ នៅទីក្រុងប៉ារីស ប៉ុន្តែប្រទេសអឺរ៉ុប ជាច្រើនទៀត រួមទាំងអាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី បានសម្តែងការមិន យល់ស្របរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា