ព័ត៌មានអន្តរជាតិ

Update៖ ក្រុមឧទ្ទាមហួធី ប្រកាសជាថ្មី អំពីការវាយប្រហារ ទៅលើនាវា២គ្រឿង នៅសមុទ្រក្រហម

AFP

សាណាអារ៖ កាលពីថ្ងៃសុក្រ ក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយ៉ែមែន បានអះអាងទទួលខុសត្រូវ ចំពោះការបាញ់មីស៊ីល និងការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើកប្រឆាំង នឹងនាវាពាណិជ្ជកម្មចំនួន២គ្រឿង នៅដែនសមុទ្រក្រហម ។

លោក Yahya Sarea អ្នកនាំពាក្យយោធាហួធី បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ បានកំណត់គោលដៅលើនាវា ២គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ដែលបានរំលោភលើការ សម្រេចចិត្តរបស់ក្រុមហួធី ក្នុងការហាមឃាត់ការចូល ទៅកាន់កំពង់ផែអ៊ីស្រាអ៊ែល ។ អ្នកនាំពាក្យរូបនេះបានកំណត់អត្តសញ្ញាណកប៉ាល់ទាំងនោះ ដែលមានឈ្មោះថា Elbella និង AAL GENOA ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចាក់ផ្សាយ ដោយទូរទស្សន៍គ្រប់គ្រងដោយក្រុមហួធី al-Masirah TV លោក Sarea បានបញ្ជាក់ថា ការវាយប្រហារត្រូវបានធ្វើឡើង ដោយយន្តហោះគ្មាន មនុស្សបើក គ្រាប់ផ្លោង និងមីស៊ីលរបស់កងទ័ពជើងទឹក ហើយការបាញ់ប្រហារគឺបានត្រឹមត្រូវ ។ ក៏បានប្តេជ្ញាថា នឹងបើកការវាយប្រហារ បែបនេះបន្ថែមទៀតរហូតដល់ “អ៊ីស្រាអែលបញ្ឈប់សង្គ្រាម នៅក្នុងតំបន់ហ្គាហ្សា” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top