ថៃ៖ ការិយាល័យគណៈកម្មការសុខភាពជាតិ របស់ប្រទេសថៃ (NHCO) បានយល់ព្រមលើគោលការណ៍ចំនួន ៥ ចំណុចដើម្បីទប់ស្កាត់ការ ប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងចំណោមកុមារ និង មនុស្សវ័យជំទង់ក្នុងប្រទេសរបស់ខ្លួន ។
ឧបនាយករដ្ឋមន្ត្រី Suriya Jungrungreangkit ជាប្រធាន NHCO ត្រូវបាន ដកស្រង់សម្តី ដោយសារព័ត៌មានក្នុងស្រុកនិយាយថា យុវជនជា គោលដៅចម្បង របស់ក្រុមហ៊ុន បារីអេឡិចត្រូនិច ហើយពួកគេអាចក្លាយ ជាអ្នកជក់បារីថ្មី បានយ៉ាងងាយ ដោយប្រឈមមុខនឹងហានិភ័យ សុខភាពទាំងរយៈពេលខ្លី និងរយៈពេលវែង លោកបានបន្តថា ដូច្នេះគណៈកម្មការកំពុងជំរុញ ឲ្យអនុវត្តវិធានការដ៏មានប្រសិទ្ធភាពបំផុត អាចធ្វើទៅបានដើម្បីហាមឃាត់ទាំងការនាំចូល និងពាណិជ្ជកម្មបារីអេឡិចត្រូនិក ។
វិធានការទាំង៥ បានឯកភាពគ្នារួមមានការគ្រប់គ្រងព័ត៌មានទាក់ទងនឹងការប្រើប្រាស់ថ្នាំជក់ ការបង្កើតការយល់ដឹងអំពីគ្រោះថ្នាក់ដែលពាក់ព័ន្ធ ការត្រួតពិនិត្យ និងការអនុវត្តច្បាប់គ្រប់គ្រងបារីអេឡិចត្រូនិក ការបង្កើតបណ្តាញដៃគូដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃបារីអេឡិចត្រូនិច និងការគាំទ្រគោលនយោបាយ និងវិធានការទប់ស្កាត់ និង រារាំងការប្រើប្រាស់របស់ពួកគេ។
លោកបន្តបន្ថែមថា ចំពោះដំណោះស្រាយទំាងនេះ ដើម្បីសុំការឯកភាពពីគណៈរដ្ឋមន្ត្រី ហើយសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងចាត់វិធានការតាមក្របខណ្ឌ។
មន្ត្រីរូបនេះ បានបញ្ជាក់ថា ការទប់ស្កាត់បារីអេឡិចត្រូនិក ជាគោលនយោបាយសំខាន់ របស់រដ្ឋាភិបាល ដោយសារមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ចំពោះកុមារងាយទទួលសារលើកទឹកចិត្ត ពួកគេឲ្យសាកល្បងឧបករណ៍ ។
យោងតាមលោកស្រី Suwanna Ruangkanchanasetr ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍គោលនយោបាយ សុខភាពសាធារណៈ (ការគ្រប់គ្រងបារីអេឡិចត្រូនិច) បាននិយាយថា ការប្រើប្រាស់ vape ក្នុងចំណោមអនីតិជននៅប្រទេសថៃ គឺកាន់តែអាក្រក់ទៅៗ។
លោកស្រីបានបន្តថា ធនធានដ៏មានតម្លៃរបស់ប្រទេសនេះ គួរតែត្រូវបានការពារពីបរិស្ថានដ៏គ្រោះថ្នាក់ និងការគំរាមកំហែងដល់សុខភាព ដោយលោកស្រីបានបន្ថែមថា ការពុលនៃបារីអេឡិចត្រូនិច ត្រូវបានបញ្ជាក់ដោយអង្គការ សុខភាពពិភពលោក ។
លោកស្រីបានជំរុញឲ្យរដ្ឋាភិបាលរក្សាគោលនយោបាយ របស់ខ្លួនក្នុងការហាមឃាត់ការជួញដូរបារី អេឡិចត្រូនិចនៅលើទឹកដីថៃ ដោយបន្ថែមថា វិធានការច្បាប់ គួរតែត្រូវបានអនុវត្ត ចំពោះអ្នកប្រព្រឹត្តខុស ៕
ដោយ៖លី ភីលីព