ព័ត៌មានអន្តរជាតិ

ការបំពុល បរិយាកាស បានស្លាប់ របស់កុមារជិត ២០០០នាក់ ក្នុងមួយថ្ងៃ

AFP

ប៉ារីស ៖ របាយការណ៍ មួយបាននិយាយកាលពីថ្ងៃពុធថា កុមារជិត ២០០០ នាក់បានស្លាប់ ជារៀងរាល់ថ្ងៃ ដោយសារបញ្ហាសុខភាព ដែលទាក់ទងនឹងការ បំពុលបរិយាកាស បច្ចុប្បន្ននេះជាកត្តាហានិភ័យ ធំបំផុតទី២ សម្រាប់ការស្លាប់មុនអាយុនៅទូទាំងពិភពលោក ។

នេះបើយោងតាមរបាយការណ៍ ពីវិទ្យាស្ថានផលប៉ះពាល់សុខភាព មានមូលដ្ឋាននៅអាមេរិក បានប្រាប់ឲ្យដឹងថា ការប៉ះពាល់នឹងការ បំពុលបរិយាកាស បានរួមចំណែក ដល់ការស្លាប់របស់មនុស្សចំនួន ៨.១ លាននាក់ ប្រហែល ១២ ភាគរយនៃអ្នកស្លាប់ទាំងអស់ នៅឆ្នាំ ២០២១។ នេះមានន័យថា ការបំពុលបរិយាកាសបានវ៉ាដាច់ ការប្រើប្រាស់ថ្នាំជក់ និងរបបអាហារមិនល្អ ក្លាយជាកត្តាហានិភ័យ នាំមុខគេទី២ សម្រាប់ការស្លាប់មុនអាយុ នៅពីក្រោយតែជំងឺលើសឈាម ។

វិទ្យាស្ថាននេះបានសហការ ជាមួយមូលនិធិកុមារ របស់អង្គការសហប្រជាជាតិ UNICEF សម្រាប់របាយការណ៍ប្រចាំឆ្នាំ របស់រដ្ឋ Global Air ថា ក្មេងតូចៗគឺងាយរងគ្រោះខ្លាំង ចំពោះការបំពុលបរិយាកាស ហើយ ការបំពុលបរិយាកាស បានរួមចំណែកដល់ការស្លាប់ របស់កុមារជាង ៧០០,០០០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំ ។

ការស្លាប់របស់កុមារជាង ៥០០,០០០ ទាំងនោះត្រូវបានសន្មតថា មកពីការចម្អិនអាហារក្នុងផ្ទះដោយប្រើឥន្ធនៈកខ្វក់ដូចជាធ្យូងថ្ម ឈើ ឬលាមក ដែលភាគច្រើននៅអាហ្វ្រិក និងអាស៊ី។ ចំណែក លោកស្រី Pallavi Pant ជាប្រធានផ្នែកសុខភាពសកលរបស់វិទ្យាស្ថានផលប៉ះពាល់សុខភាពបានប្រាប់ AFP ថា ទាំងនេះគឺជាបញ្ហាដែលយើងដឹងថា យើងអាចដោះស្រាយបាន ។

របាយការណ៍បានរកឃើញថា មនុស្សស្ទើរតែគ្រប់រូបក្នុងពិភពលោក ដកដង្ហើមកម្រិត នៃការបំពុលបរិយាកាស មិនល្អជារៀងរាល់ថ្ងៃ ។ វាបានបន្តថា ជាង ៩០ ភាគរយ នៃការស្លាប់ត្រូវបានផ្សារភ្ជាប់ ទៅនឹងការបំពុលខ្យល់តូចៗ ហៅថា PM2.5 ដែលវាស់ ២.៥ មីក្រូម៉ែត្រ ឬតិចជាងនេះ ។

ការស្រូប PM2.5 ត្រូវបានគេរកឃើញថា អាចបង្កើនហានិភ័យនៃជំងឺមហារីកសួត ជំងឺបេះដូង ជំងឺដាច់សរសៃឈាម ខួរក្បាល ជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពជាច្រើនទៀត។ របាយការណ៍នេះមានគោលបំណងភ្ជាប់អត្រា នៃជំងឺបែបនេះជាមួយនឹង កម្រិតនៃការបំពុលបរិយាកាស ។

លោកស្រី Pant បានបន្តថា ទោះបីជាមានតួលេខ ស្រឡះល្អ ក៏ដោយរបាយការណ៍នេះ នៅតែអាចប៉ាន់ស្មានមិន ដល់ផលប៉ះពាល់ នៃការបំពុលបរិយាកាស ។ លោកស្រីបានពន្យល់ថា វាមិនគិតពីរបៀប ដែលការបំពុលបរិយាកាសអាចប៉ះពាល់ ដល់សុខភាពខួរក្បាល ជំងឺនៃប្រព័ន្ធប្រសាទ ឬផលប៉ះពាល់អ្វីខ្លះ ដោយប្រើឥន្ធនៈរឹងសម្រាប់កំដៅអាចមាន ។

របាយការណ៍ក៏បានរកឃើញថា ការបំពុលបរិយាកាស ត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់នៅពេល ពិភពលោកឡើងកម្ដៅ ដោយសារតែការប្រែប្រួល អាកាសធាតុដែលជំរុញដោយមនុស្ស ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ជិត ៥០០ ,០០០នាក់ក្នុងឆ្នាំ ២០២១ ៕
ដោយ៖លី ភីលីព

Most Popular

To Top