ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងអាមេរិក ចាប់ដៃដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាខ្ពស់

VOA

ញូវដែលី ៖ ប៉ុន្មានថ្ងៃបន្ទាប់ ពីនាយករដ្ឋមន្ត្រីលោក Narendra Modi បានចាប់ផ្តើមអាណត្តិទី ៣ របស់លោក ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានយល់ព្រមពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ក្នុងអំឡុង ពេលដំណើរទស្សនកិច្ចរបស់ទីប្រឹក្សា សន្តិសុខជាតិសេតវិមាន Jake Sullivan ទៅកាន់ទីក្រុង New Delhi ។

លោក Sullivan បានជួបជាមួយលោក Modi រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងសមភាគីឥណ្ឌាក្នុងអំឡុងដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ជាថ្មីថា ប្រទេសទាំង២នឹងបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធ។ ចំណែកលោក Modi បានសរសេរនៅលើ X បន្ទាប់ពីជួបជាមួយ Sullivan កាលពីថ្ងៃចន្ទថា ឥណ្ឌាប្តេជ្ញាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រសកលដ៏ទូលំទូលាយរបស់ឥណ្ឌា និងសហរដ្ឋអាមេរិក ដើម្បីភាពល្អជាសកល។

ការផ្តោតសំខាន់នៃដំណើរទស្សនកិច្ចរបស់ Sullivan ដើម្បីពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval លើគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដែលបានចាប់ផ្តើមដោយប្រទេសទាំង ២ កាលពីខែមករាឆ្នាំមុន ដើម្បីសហការគ្នាកាន់តែជិតស្និទ្ធនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ រួមទាំងវិស័យការពារជាតិ គ្រឿងអេឡិចត្រូនិក បណ្តាញឥតខ្សែ 5G និងបញ្ញាសិប្បនិម្មិត ។

គំនិតផ្តួចផ្តើមដែលបានចាប់ផ្តើម ជាមួយនឹងក្រសែភ្នែកដើម្បីទប់ទល់នឹងប្រទេសចិន ជាការជំរុញដ៏សំខាន់មួយក្នុង ការរឹតបន្តឹងភាពជា ដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ២ ។
នេះបើយោងតាម Manoj Joshi សមាជិកកិត្តិយស នៅមូលនិធិស្រាវជ្រាវ Observer ក្នុងទីក្រុង New Delhi បានប្រាប់ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Sullivan ក្នុងថ្ងៃដំបូង នៃរដ្ឋបាលថ្មីរបស់លោក Modi បង្ហាញសញ្ញាថា សហរដ្ឋអាមេរិកចង់រក្សាសន្ទុះ ក្នុងភាពជាដៃគូបច្ចេកវិទ្យាខ្ពស់ រវាងប្រទេសទាំង២ ៕
ដោយ៖លី ភីលីព

Most Popular

To Top