ប៉ារីស ៖ មេប៉ូលិសទីក្រុង Laurent Nunez បានលើកឡើងពីកង្វល់សន្តិសុខ កាលពីថ្ងៃសុក្របាននិយាយថា ជាមួយព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីសរយៈពេលមួយខែទៀត ដែលប្រព្រឹត្តិនៅប្រទេសបារាំងនោះ យើងដាក់កម្លាំងប៉ូលិសការពារ ដោយប្រុងប្រយ័ត្នខ្ពស់តែម្តង ។
លោក Nunez បានបន្តថា កម្លាំងប៉ូលិសនៅតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ហើយព្រឹត្តិការណ៍អូឡាំពិក នឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកក្កដា ហើយពីរថ្ងៃក្រោយមកគឺពិធីបើក ។
លោក Nunez បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា យើងមានការព្រួយបារម្ភអំពីការគំរាមកំហែងនៃអំពើភេរវកម្ម ជាពិសេសភេរវកម្មអ៊ីស្លាម ប៉ុន្តែក៏មានការគំរាមកំហែងកម្រិតទាប ពីអ្នកបរិស្ថាននិយមជ្រុល ពួកជ្រុលនិយមឆ្វេងនិយម និងចលនាគាំទ្រប៉ាឡេស្ទីន។
នៅមិនទាន់មានការគំរាមកំហែងច្បាស់ លាស់ចំពោះការប្រកួត ឬប្រទេសរបស់យើង នៅឡើយទេ ប៉ុន្តែខ្ញុំសូមរំលឹកអ្នកថា នៅចុងខែឧសភា បុគ្គល ២ នាក់ត្រូវបានចាប់ខ្លួននៅ Saint-Étienne ហើយកំពុងរៀបចំផែនការវាយប្រហារ ដោយផ្ទាល់សំដៅទៅកីឡាអូឡាំពិក។
លោក Nunez បានប្រកាសថា នឹងដាក់ពង្រាយប៉ូលីសប្រហែល ៣០,០០០ នាក់ជារៀងរាល់ថ្ងៃ រួមទាំងប៉ូលីសប្រដាប់អាវុធផងដែរ ជាមួយនឹងកម្រិតខ្ពស់បំផុត ៤៥,០០០នាក់ សម្រាប់ពិធីបើកនៅទន្លេ Seine ។ ប៉ូលីសនឹងត្រូវបានគាំទ្រដោយយោធាដោយមានសមាជិកប្រហែល ១៨,០០០ នាក់នៃកងទ័ពចូលរួមក្នុងអំឡុងពេលប្រកួតប្រជែង។
ឧត្តមសេនីយ Christophe Abad ទទួលបន្ទុកប្រតិបត្តិការយោធានៅទីក្រុងប៉ារីសបាននិយាយថា ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២មក មិនដែលមានការចល័តកម្លាំងយោធាដ៏ធំបែបនេះនៅលើទឹកដីបារាំងទេ។
ក្នុងអំឡុងពេលពិធីបើក លោក Nunez បានបញ្ជាក់ថា ទូកសន្តិសុខចំនួន ៣៥ នឹងអមដំណើរទូកទន្លេចំនួន ៩៤ ដឹកអត្តពលិកតាមបណ្តោយផ្នែក ៦ គីឡូម៉ែត្រ នៃ Seine ។ អ្នកលបបាញ់នឹងត្រូវឈរជើងនៅតាមផ្លូវ ហើយកងកម្លាំងយុទ្ធសាស្ត្របីរបស់ប៉ូលីសបារាំង -BRI, RAID, និង GIGN – នឹងសហការជាលើកដំបូងដែលមិនធ្លាប់មានក្នុងអំឡុងពេលពិធីនេះ។
លោក Nunez បានធានាថា ផែនការរបស់ប៉ូលីស សម្រាប់ការធានាការប្រកួតនៅទីក្រុងប៉ារីស នៅតែមិនផ្លាស់ប្តូរ ដោយមិនគិតពីលទ្ធផល នៃការបោះឆ្នោត នៅថ្ងៃទី ៧ ខែកក្កដា។ ការរំពឹងទុកនៃគណបក្សស្តាំនិយមជ្រុលនឹងឡើងមកឈរលើកំពូលក្នុងការបោះឆ្នោត និងដើរតួនាទីសំខាន់ ក្នុងរដ្ឋាភិបាលបន្ទាប់ របស់ប្រធានាធិបតី Emmanuel Macron បាននាំឲ្យមានការតវ៉ាតាមដងផ្លូវរួចហើយក្នុងសប្តាហ៍នេះ ជាមួយនឹងជុំមួយផ្សេងទៀត ដែលអាចកើតឡើងបន្ទាប់ពីលទ្ធផល ៕
ដោយ៖លី ភីលីព