ទីក្រុងគែរ ៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា មនុស្សជាង១៣០០ នាក់បានស្លាប់ក្នុងអំឡុងពេលធ្វើធម្មយាត្រា Hajj ឆ្នាំនេះនៅប្រទេសអារ៉ាប៊ីសាអូឌីត ខណៈអ្នកស្មោះត្រង់ បានប្រឈមមុខ នឹងសីតុណ្ហភាពខ្ពស់ខ្លាំង នៅកន្លែងពិសិដ្ឋ របស់អ៊ីស្លាម នៃព្រះរាជាណាចក្រវាលខ្សាច់ ។
រដ្ឋមន្ត្រីសុខាភិបាល អារ៉ាប៊ីសាអូឌីត Fahd bin Abdurrahman Al-Jalajel បាននិយាយថា ៨៣ភាគរយនៃអ្នកស្លាប់ចំនួន ១.៣០១ នាក់ ជាអ្នកធ្វើធម្មយាត្រា ដោយគ្មានការអនុញ្ញាត ដែលបានដើរផ្លូវឆ្ងាយក្នុងសីតុណ្ហភាពកើនឡើង ដើម្បីធ្វើពិធី Hajj នៅជុំវិញទីក្រុងដ៏បរិសុទ្ធនៃ Mecca ។
ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋ លោករដ្ឋមន្ត្រីបានបន្តថា អ្នកធ្វើធម្មយាត្រាចំនួន ៩៥ នាក់ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយខ្លះត្រូវបានលើក តាមយន្តហោះ ទៅព្យាបាល នៅរដ្ឋធានី Riyadh ។ លោកបន្តថា ដំណើរការកំណត់អត្តសញ្ញាណ ត្រូវបានពន្យារពេល ព្រោះមិនមានឯកសារ បញ្ជាក់អត្តសញ្ញាណ ជាមួយអ្នកធម្មយាត្រា ដែលស្លាប់ច្រើននាក់ ។
នេះបើតាមមន្ត្រីពីររូប នៅទីក្រុងគែរបានឲ្យដឹងថា អ្នកស្លាប់រួម មានជនជាតិអេហ្ស៊ីបជាង ៦៦០នាក់ ហើយ៣១នាក់ ក្នុងចំណោមនោះសុទ្ធ តែជាអ្នកធ្វើធម្មយាត្រា ដោយគ្មានការអនុញ្ញាត ។ អាជ្ញាធរបានបន្តថា ប្រទេសអេហ្ស៊ីបបានដកហូតអាជ្ញាប័ណ្ណ របស់ទីភ្នាក់ងារទេសចរណ៍ចំនួន ១៦ ដែលជួយអ្នកធ្វើធម្មយាត្រាដោយគ្មានការអនុញ្ញាត ក្នុងការធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ។
មន្ត្រីនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតិឲ្យអ្នកកាសែតខ្លីៗបាននិយាយថា ភាគច្រើននៃអ្នកស្លាប់ត្រូវ បានរាយការណ៍នៅមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ក្នុងសង្កាត់ Al-Muaisem របស់ Mecca ។ អេហ្ស៊ីបបានបញ្ជូនអ្នកធ្វើធម្មយាត្រាមានការអនុញ្ញាតច្រើនជាង ៥០,០០០ នាក់ទៅកាន់អារ៉ាប៊ីសាអូឌីតនៅឆ្នាំនេះ។
អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានបង្ក្រាបអ្នកធ្វើធម្មយាត្រាដោយគ្មានការអនុញ្ញាត ដោយបានបណ្តេញមនុស្សរាប់ម៉ឺននាក់ ប៉ុន្តែមនុស្សភាគច្រើន ជាជនជាតិអេហ្ស៊ីប បានគ្រប់គ្រងដើម្បីទៅដល់ទីសក្ការៈក្នុង និងជុំវិញទីក្រុង Mecca ដោយខ្លះដើរដោយថ្មើរជើង។ មិនដូចអ្នកធម្មយាត្រា ដែលមានការអនុញ្ញាតទេ ពួកគេមិនមានសណ្ឋាគារសម្រាប់ត្រឡប់ទៅវិញ ដើម្បីគេចពីកំដៅដ៏ក្តៅក្រហាយនោះទេ។
សេចក្តីថ្លែង ការណ៍មួយ កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាល របស់ប្រទេសអេហ្ស៊ីបបាននិយាយថា ទីភ្នាក់ងារទេសចរណ៍ចំនួន 16 បានបរាជ័យ ក្នុងការផ្តល់ សេវាកម្ម គ្រប់គ្រាន់ សម្រាប់អ្នកធ្វើធម្មយាត្រា។ វាបាននិយាយថា ភ្នាក់ងារទាំងនេះបានសម្របសម្រួល ដោយខុសច្បាប់ក្នុង ការធ្វើដំណើរ របស់អ្នកធ្វើធម្មយាត្រា ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយប្រើទិដ្ឋាការ ដែលមិនអនុញ្ញាតឲ្យអ្នកកាន់ ធ្វើដំណើរទៅកាន់ទីក្រុង Mecca ៕
ដោយ៖លី ភីលីព