ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានជូនឡានប្រណីត ផលិតនៅស្រុករុស្ស៊ីមួយគ្រឿងទៅកាន់ មេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋរុស្ស៊ី ទៅកាន់រដ្ឋធានីព្យុងយ៉ាង នៅក្នុងសប្ដាហ៍នេះ ។
នេះជាលើកទី២ហើយ ដែលលោកពូទីន ជូនកាដូជារថយន្តប្រណីតទៅកាន់លោកគីម ។ បើតាមសារព័ត៌មានរដ្ឋរុស្ស៊ី TASS មេដឹកនាំកូរ៉េខាងជើងរូបនេះទទួលឡានមួយគ្រឿងពីលោកពូទីន ដំបូងបង្អស់នៅខែកុម្ភៈ ។
ឡាន ដែលពូទីនឱ្យលោកគីមជាឡាន Aurus ដែលជាឡានផលិតនៅរុស្ស៊ី សម្រាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងសាធារណជនទូទៅ។ ឡាននេះបង្កើតឡើងនៅឆ្នាំ២០១៣ ក្រោមកុងត្រាជាមួយ នឹងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ។
នៅពេលឱ្យឡាននេះ លោកពូទីន បានដឹកលោកគីមលេងមួយជុំ នៅព្រលានអវកាស Vostochny Cosmodrome។
ទាក់ទិននឹងរឿងនេះដែរ លោក ឌីមីទ្រី ពេស្កូវ អ្នកនាំពាក្យនៃវិមានក្រឹមឡាំង បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ «នៅពេលដែលមេដឹកនាំកូរ៉េប្រជាមានិត (កូរ៉េខាងជើង) នៅព្រលានអវកាស លោកក៏បានឃើញឡានរុស្ស៊ីនោះ»។
លោកបានបន្ថែមថា៖ «ភ្លាមៗនោះ លោកពូទីន ក៏បង្ហាញឡានជូនគាត់ ។ ដូចអ្នកនិយមស្រឡាញ់ឡានទូទៅ លោកគីម ក៏ចូលចិត្តឡាននោះ។ ដូច្នេះហើយ នៅពេលនោះ លោកពូទីនក៏សម្រេចថា ជូនឡាននោះតែម្ដងទៅ» ៕