យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស់ គឺជិតដល់ទីបញ្ចប់ហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ ១៤ របស់អ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា “ដំណាក់កាលដ៏ខ្លាំងក្លានៃសង្រ្គាមនៅទីក្រុងរ៉ាហ្វា ជិតបញ្ចប់ហើយ” ហើយកងកម្លាំងអ៊ីស្រាអែល ជិតដល់ការបញ្ចប់ដំណាក់កាលប្រយុទ្ធដ៏ខ្លាំង” នៅក្នុងតំបន់ហ្គាហ្សា ទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា នេះមិនមានន័យថា ជាការបញ្ចប់ជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីបនោះទេ ហើយប្រតិបត្តិការនឹងបន្តជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងគោលដៅរបស់ក្រុមហាម៉ាស់។
លោកបន្ដថា បន្ទាប់ពីការបញ្ចប់នៃ “ដំណាក់កាលខ្លាំងនៅតំបន់ហ្គាហ្សា យើងនឹងបន្តទៅភាគខាងជើង” ដោយសំដៅទៅលើការព្រមានរបស់អ៊ីស្រាអែលក្នុងការចាប់ផ្តើមសង្គ្រាមពេញលេញប្រឆាំងនឹងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា។
លោកបានបន្ដថា កិច្ចព្រមព្រៀងណាមួយ ដើម្បីទទួលបានបទឈប់បាញ់នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ដែលកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា បានធ្វើការបាញ់ប្រហារចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ “នឹងត្រូវបំពេញតាមលក្ខខណ្ឌរបស់យើង”។
លោកបានបញ្ជាក់ថា លោកនឹងយល់ព្រមចំពោះកិច្ចព្រមព្រៀងមួយដែលនឹងឃើញក្រុមហាម៉ាស់ ដកចេញពីអំណាចនៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងប្រហែល ១០០ នាក់ ដែលនៅតែឃុំខ្លួនក្នុងតំបន់ប៉ាឡេស្ទីន៕
ប្រែសម្រួល ឈូក បូរ៉ា