ព័ត៌មានអន្តរជាតិ

តុលាការរុស្ស៊ី រឹបអូសលុយ ១៦ លានដុល្លារ ពីអតីតមហាសេដ្ឋីរុស្ស៊ី លោក Mikhail Khodorkovsky

RT News

រុស្ស៊ី ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ កាលពីថ្ងៃចន្ទថា តុលាការស្រុក Meshchansky នៃទីក្រុងម៉ូស្គូ បានបញ្ជាឲ្យរឹបអូស យកលុយចំនួន ១.៤ ពាន់លានរូប្ល (១៦ លានដុល្លារអាមេរិក) ពីអតីតមហាសេដ្ឋី និងអតីតនាយកប្រតិបត្តិ ដែលនិរទេសខ្លួន លោក Mikhail Khodorkovsky និងដៃគូជំនួញតែមួយគត់ របស់លោកគឺ Platon Lebedev ។

បណ្តឹងប្រឆាំងនឹងលោក Khodorkovsky លោក Lebedev និងក្រុមហ៊ុនជួលស៊ីបេរី ដែលលែងដំណើរការត្រូវបានផ្តួចផ្តើមឡើង កាលពីខែមុនដោយការិយាល័យ អគ្គរដ្ឋអាជ្ញារុស្ស៊ី ។ ចុងចោទត្រូវបានចោទ ប្រកាន់ពីបទខកខានមិន បានសងសំណង ដល់រដ្ឋាភិបាល សម្រាប់ការកេងប្រវ័ញ្ចមូលនិធិ ចងភ្ជាប់ជាមួយ អតីតក្រុមហ៊ុនប្រេងយក្ស Yukos ដែលពួកគេបានកាន់កាប់ ។

TASS បានរាយការណ៍ថា តុលាការបានបញ្ជា ឲ្យមូលនិធិដែលរក្សាទុកក្នុងគណនីធនាគារ Trust Bank ត្រូវបានផ្ទេរទៅឲ្យអាជ្ញាធររុស្ស៊ី។ អ្នកតំណាងរបស់លោក Khodorkovsky និងលោក Lebedev ត្រូវបានគេរាយការណ៍ថាមិនបានបង្ហាញខ្លួននៅចំពោះមុខតុលាការទេ។ ធនាគារ Trust Bank និងសេវាអាជ្ញាសាលាសហព័ន្ធ មិនបានជំទាស់ នឹងការទាមទាររបស់ព្រះរាជអាជ្ញាទេ ។

លោក Khodorkovsky បានបង្កើតក្រុមហ៊ុនប្រេង Yukos ដែលលែងដំណើរការហើយជាលទ្ធផលនៃការដេញថ្លៃដ៏ចម្រូងចម្រាសនៃទ្រព្យសម្បត្តិរដ្ឋ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយវាបានក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយរបស់រុស្ស៊ីយ៉ាងឆាប់រហ័ស។
ក្នុងឆ្នាំ ២០០៣ លោក Khodorkovsky ធ្លាប់ជាមហាសេដ្ឋីរបស់ប្រទេសនេះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទគេចពន្ធ និងការក្លែងបន្លំ។
លោកត្រូវបានកាត់ទោស ឲ្យជាប់គុក ១៤ ឆ្នាំ ប៉ុន្តែត្រូវបាន ដោះលែងបន្ទាប់ពី ១០ ឆ្នាំ ១០ ខែ នៅពេលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកលែងទោស លោកដោយហេតុផលមនុស្សធម៌ ។ អតីតមហាសេដ្ឋីរូបនេះ បានចាកចេញពីប្រទេសរុស្ស៊ីភ្លាមៗ បន្ទាប់ពីលោកត្រូវបានដោះលែង ។

លោក Lebedev ត្រូវបានគេដាក់ឈ្មោះថា ជាសហចុងចោទក្នុងសំណុំរឿង Yukos ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទកេងបន្លំ ការគេចពន្ធ និងការលាងលុយ។ លោកបានជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំ ហើយត្រូវបានដោះលែងនៅដើមឆ្នាំ ២០១៤ ៕
ដោយ៖លី ភីលីព

Most Popular

To Top