សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង បានធ្វើឡើងដោយជោគជ័យ កាលពីថ្ងៃពុធនូវការធ្វើតេស្តបំបែក និងណែនាំការគ្រប់គ្រងក្បាលគ្រាប់ចល័តនីមួយៗ។
KCNA បានរាយការណ៍ថា ការធ្វើតេស្តនេះត្រូវបានអនុវត្តដោយប្រើម៉ាស៊ីនដំណាក់កាលទី១ នៃកាំជ្រួចផ្លោងឥន្ធនៈរឹងកម្រិតមធ្យមក្នុងរយៈចម្ងាយពី ១៧០ ទៅ ២០០ គីឡូម៉ែត្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ក្បាលគ្រាប់ចល័ត ដែលបំបែកបានត្រូវបានដឹកនាំយ៉ាងត្រឹមត្រូវទៅកាន់គោលដៅសំរបសំរួលចំនួនបី ហើយប្រសិទ្ធភាពនៃការបំបែកចេញពីកាំជ្រួចក៏ត្រូវបានផ្ទៀងផ្ទាត់ដោយរ៉ាដាប្រឆាំងដែនអាកាសផងដែរ។
របាយការណ៍បានឲ្យដឹងទៀតថា រដ្ឋបាលមីស៊ីលកូរ៉េខាងជើង ដែលទទួលខុសត្រូវចំពោះការសាកល្បងកាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ការសាកល្បងបច្ចេកវិទ្យាពាក់ព័ន្ធបានចូលដល់ “ដំណាក់កាលពេញលេញ” ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រឹងកងកម្លាំងមីស៊ីលរបស់ប្រទេស និងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា