ព័ត៌មានអន្តរជាតិ

អតីតទាហ៊ានម៉ារីនអាមេរិកម្នាក់ ត្រូវកាត់ទោសថ្មីថែមទៀត នៅក្នុងប្រទេសរុស្ស៊ី

បរទេស ៖ ប្រទេសរុស្ស៊ី បានចាប់ផ្តើមការកាត់ទោសថ្មី លើអតីតទាហានម៉ារីនអាមេរិក Robert Gilman ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ពីបទវាយប្រហារមន្ត្រីប៉ូលិសម្នាក់ ពេលស្រវឹង ។ សារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានម៉ារីនអាមេរិករូបនេះ បច្ចុប្បន្នគឺប្រឈម នឹងការចោទប្រកាន់ពីបទរំលោភបំពានថ្មី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Gilman ត្រូវបានចោទប្រកាន់ ពីបទវាយប្រហារ ទៅលើមន្ត្រីពន្ធនាគារ និងអ្នកស៊ើបអង្កេតរដ្ឋ ចំនួន ៤ ដង នេះបើយោងតាមការចេញផ្សាយដែលដកស្រង់ឯកសារពីតុលាការស្រុកកណ្តាល Voronezh ។ គេចោទថា គាត់បានដាល់បុរសទាំងនោះចំក្បាល។

រដ្ឋអាជ្ញានិយាយថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ លោក Gilman បានវាយប្រហារលើក្រុមស៊ើបអង្កេត Makarov ខណៈពេលដែលមន្រ្តី កែប្រែកំពុង ពិនិត្យមើលបន្ទប់របស់គាត់។ ឧប្បត្តិហេតុជាមួយ Makarov ត្រូវបានគេចោទប្រកាន់ម្តងទៀតនៅក្នុងខែតុលា នៅពេលដែលអតីតទាហានម៉ារីន អាមេរិករូបនេះ ត្រឡប់ទៅបន្ទប់របស់គាត់វិញ។

ក្រោយមកខែដដែល Gilman ត្រូវបានគេរាយការណ៍ថា “បានវាយដំយ៉ាងហោចណាស់៦ដង” ទៅលើអ្នកស៊ើបអង្កេតរដ្ឋដែលបណ្តាលឱ្យមានរបួស។

បុរសជនជាតិអាមេរិក អាយុ ៣០ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថា បានសារភាពកំហុសក្នុងការវាយដំទៅលើបុរសទាំងនោះ ហើយបាននិយាយថា គាត់ត្រូវបានគេបំពុល ដោយសារធាតុវិទ្យុសកម្ម ហើយបានអះអាងថា “សវនាការទាំងមូលនេះគឺគ្មានន័យអ្វីទាំងអស់”។

នៅខែតុលា ឆ្នាំ២០២២ Gilman ត្រូវបានកាត់ទោសឱ្យជាប់គុក ៤ឆ្នាំ៥ខែ ដោយសារតែស្រវឹង ហើយវាយមន្រ្តីប៉ូលីស៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top