ចិន ៖ ក្រុមហ៊ុន Space Pioneer ជាអ្នកផលិតគ្រាប់រ៉ុក្កែត បានប្រាប់ឲ្យដឹងថា គ្រាប់រ៉ុក្កែត Tianlong-3 របស់ប្រទេសចិន បានដាច់ចេញពីកន្លែងចត របស់ខ្លួន កាលពីថ្ងៃអាទិត្យ អំឡុង ពេលធ្វើតេស្តម៉ាស៊ីន ដោយបង្កឲ្យមានការបាញ់បង្ហោះ ដោយមិនបានគ្រោងទុក ដោយបណ្តាលឲ្យយានអវកាស ធ្លាក់ដល់ដីវិញ ។
ក្រុមហ៊ុន Beijing Tianbing Technology ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន Space Pioneer កំពុងធ្វើការសាកល្បងម៉ាស៊ីនរ៉ុក្កែតដំណាក់កាលទី១ នៅមជ្ឈមណ្ឌលសាកល្បងគ្រប់ជ្រុងជ្រោយនៅទីក្រុង Gongyi ក្នុងខេត្ត Henan ភាគកណ្តាលរបស់ប្រទេសចិន។ វីដេអូជាច្រើននៃឧបទ្ទវហេតុនេះ ត្រូវបានអ្នកទស្សនាបង្ហោះលើបណ្ដាញសង្គម។
ឃ្លីបបង្ហាញថា គ្រាប់រ៉ុក្កែតបានផ្ទុះឡើងដោយមានភ្លើងឆេះចេញពីក្បាលម៉ាស៊ីន ហើយមួយសន្ទុះក្រោយមក ម៉ាស៊ីនបានឈប់ភ្លាមៗ ហើយរ៉ុក្កែតចាប់ផ្តើមបាត់បង់កម្ពស់ ខណៈវាហាក់ដូចជានៅតែឆេះ ដោយបន្សល់ទុកនូវផ្សែងខ្មៅ។ ទីបំផុតវាបានធ្លាក់ដល់ដីបង្កឲ្យមានការផ្ទុះដ៏ធំមួយ កក្រើកតំបន់ក្បែរនោះ ហើយបានបញ្ជូនផ្សែង និងអណ្តាតភ្លើងយ៉ាងធំទៅលើអាកាស។
យោងតាម Space Pioneer បាននិយាយថា ការបាញ់បង្ហោះមិនត្រូវបានគ្រោងទុកទេ ហើយរ៉ុក្កែតបានបំបែកចេញពីបន្ទះបាញ់បង្ហោះរបស់វា អំឡុងពេលធ្វើតេស្តម៉ាស៊ីន ដោយសារតែការបរាជ័យរចនាសម្ព័ន្ធក្នុងប្រសព្វរវាងតួរ៉ុក្កែត និងកៅអីសាកល្បង។
ក្រុមហ៊ុនបានសរសេរបង្ហោះ នៅលើបណ្តាញសង្គមចិន WeChat បន្ទាប់ពីលើកកុំព្យូទ័រឡើងលើម៉ាស៊ីន ហើយរ៉ុក្កែតបានធ្លាក់ចូល ទៅក្នុងភ្នំចម្ងាយប្រហែល១.៥ គីឡូម៉ែត្រពីកន្លែងសាកល្បង ។
ទាំងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ឧបទ្ទវហេតុនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ចំណែក Space Pioneer បានបនត្ថា បុគ្គលិកទាំងអស់នៅក្នុងតំបន់ត្រូវបានជម្លៀសចេញជាមុន៕
ដោយ៖លី ភីលីព