EU ៖ នេះបើយោងតាមគណៈកម្មការអឺរ៉ុប បានប្រាប់ឲ្យដឹងជាផ្លូវការថា គំរូផ្សាយពាណិជ្ជកម្មបង់ប្រាក់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមេ Facebook គឺ Meta របស់អាមេរិកនេះបានបំពានច្បាប់ ប្រកួតប្រជែងឌីជីថលថ្មី នៅតំបន់អឺរ៉ុប ។
និយតករប្រឆាំងការ ទុកចិត្ត របស់សហភាពអឺរ៉ុប បានចោទប្រកាន់ថា ក្រុមហ៊ុនមេរបស់ Facebook សេវាកម្មបណ្តាញទំនាក់ទំនង សង្គមដែលគាំទ្រ ការផ្សាយពាណិជ្ជកម្មថ្មី របស់ Meta បរាជ័យក្នុងការអនុលោមទៅតាមច្បាប់ បច្ចេកវិទ្យាសំខាន់ របស់តំបន់អឺរ៉ុបនេះ ។
គណៈកម្មការអឺរ៉ុប (EC) បាននិយាយ កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលទើបដាក់បង្ហាញគំរូផ្សាយពាណិជ្ជកម្មបង់ប្រាក់ បានបំពានច្បាប់ទីផ្សារឌីជីថលរបស់សហភាពអឺរ៉ុប (DMA) ។ គោលការណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការបង់ថ្លៃជាវ ឬធ្វើឲ្យក្រុមហ៊ុនប្រើប្រាស់ទិន្នន័យរបស់ពួកគេសម្រាប់ការផ្សាយពាណិជ្ជកម្មតាមគោលដៅ។
និយតករបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ទិដ្ឋភាពបឋមរបស់គណៈកម្មាការ ជម្រើសគោលពីរនេះ បង្ខំអ្នកប្រើប្រាស់ឲ្យយល់ ព្រមចំពោះការបញ្ចូលគ្នា នៃទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ហើយបរាជ័យក្នុងការផ្តល់ ឲ្យពួកគេនូវកំណែមានលក្ខណៈផ្ទាល់ខ្លួនតិច ប៉ុន្តែសមមូលនៃបណ្តាញសង្គមរបស់ Meta ។
អ្នកនាំពាក្យ Meta បានប្រាប់ CNBC ថា គំរូនៃការជាវដែលគាំទ្រការផ្សាយពាណិជ្ជកម្មរបស់ខ្លួនធ្វើតាមការណែនាំរបស់តុលាការខ្ពស់បំផុតនៅអឺរ៉ុប និងអនុលោមតាម DMA ។ អ្នកនាំពាក្យរូបនេះបាននិយាយថា យើងទន្ទឹងរង់ចាំកិច្ចសន្ទនាប្រកបដោយភាពស្ថាបនាបន្ថែមទៀតជាមួយគណៈកម្មការអឺរ៉ុប ដើម្បីនាំយកការស៊ើបអង្កេតនេះទៅបិទ។
Meta បានដាក់ចេញនូវគំរូថ្មីសម្រាប់ Facebook និង Instagram នៅអឺរ៉ុបកាលពីខែវិច្ឆិកាឆ្នាំមុន ដោយធ្វើតាមសេចក្តីសម្រេចរបស់ EU ថា ខ្លួនត្រូវតែទទួលបានការយល់ព្រមមុន នឹងបង្ហាញការផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់ និងផ្តល់ជូននូវកំណែជំនួស នៃសេវាកម្មរបស់ខ្លួន ដែលមិនពឹងផ្អែកលើការប្រមូល ទិន្នន័យសម្រាប់ការផ្សាយពាណិជ្ជកម្ម៕
ដោយ៖លី ភីលីព