ព័ត៌មានអន្តរជាតិ

សត្វក្រពើ បានបង្កការភ័យស្លន់ស្លោ ដល់អ្នកស្រុក និងអ្នកដំណើរនៅតាមដងផ្លូវ ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

បរទេស ៖ ទិដ្ឋភាពដ៏កម្រ នៃសត្វក្រពើដើរតាមដងផ្លូវក្នុងទីក្រុង ក្នុងចំណោមយានជំនិះជិះទៅមក គឺត្រូវបានគេថតជាវីដេអូ នៅក្នុងប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ឥណ្ឌា វីដេអូនៃសត្វក្រពើត្រូវបានថតបាន នៅតាមបណ្តោយឆ្នេរ សមុទ្រក្នុងទីក្រុង Chiplun នៃស្រុក Ratnagiri ក្នុងរដ្ឋ Maharashtra ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា វីដេអូឃ្លីបនេះ បានសាយភាយពេញបណ្តាញទំនាក់ទំនងសង្គម ហើយត្រូវបានគេរាយការណ៍ថា ថតបានដោយអ្នកបើកបរម៉ូតូកង់បី ដែលឆ្លងកាត់ ។ តំបន់នេះកំពុងមានភ្លៀងធ្លាក់ខ្លាំង ហើយសត្វក្រពើនេះ ត្រូវបានគេសង្ស័យថា បានលូនចេញពីទន្លេ Shiva ក្នុងទីក្រុង ដែលត្រូវបានគេស្គាល់ថា ជាជម្រកដ៏ពេញនិយមសម្រាប់សត្វក្រពើរ ដែលត្រូវបានរកឃើញពាសពេញតំបន់, នេះបើយោងតាមការផ្សាយរបស់ NDTV ។

កាលពីឆ្នាំមុន ប្រជាជននៅទីក្រុង Vadodara រដ្ឋ Gujarat បានប្រទះឃើញក្រពើមួយក្បាលនៅលើផ្លូវក្បែរទន្លេ Vishwamitri ខណៈដែលរដូវវស្សាបានមកដល់ក្នុងតំបន់។ មន្ត្រីព្រៃឈើបានចាប់សត្វក្រពើនោះ ហើយដោះលែងវាវិញទៅក្នុងជម្រកធម្មជាតិរបស់វា។ យោងតាមគេហទំព័រ India Today។

ប្រតិកម្មទៅនឹងវីដេអូនៅលើ X (អតីត Twitter) មនុស្សម្នាក់បានអធិប្បាយថា ចំនួនសត្វក្រពើនៅក្នុងតំបន់កំពុងកើនឡើង ហើយបានអះអាងថា ការត្អូញត្អែររបស់អ្នក ស្រុកអំពីស្ថានភាពនេះត្រូវបានអាជ្ញាធរមិនយកចិត្តទុកដាក់។ អ្នកអត្ថាធិប្បាយម្នាក់ទៀតបានសរសេរថា «គឺយើងជាមនុស្ស ដែលបានទន្ទ្រានចូលទៅក្នុងទីជម្រករបស់សត្វក្រពើ »៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top