ព័ត៌មានអន្តរជាតិ

ហ្វីលីពីន និងចិន យល់ព្រមបន្ធូរបន្ថយ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង ក្រោយហេតុការណ៍ ប៉ះទង្គិចគ្នា ដ៏គ្រោះថ្នាក់កាលពីខែមុន

បរទេស៖ ប្រទេសហ្វីលីពីន និងចិន បានព្រមព្រៀងគ្នា ដើម្បី “កាត់បន្ថយភាពតានតឹង” នៅក្នុងសមុទ្រចិនខាងត្បូង, នេះបើយោងតាមការលើកឡើង របស់មន្ត្រីនៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ះទង្គិចគ្នានាពេលថ្មីៗ នេះនៅក្នុងដែនទឹកដែលមានជម្លោះ។ មន្ត្រីនៃភាគីទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីខែមុន ហ្វីលីពីនបាននិយាយថា បុគ្គលិកឆ្មាំសមុទ្រចិន ប្រដាប់ដោយកាំបិត ដំបង និងពូថៅ បានឡោមព័ទ្ធ និងគ្រប់គ្រងនាវាកងទ័ពជើង ទឹកហ្វីលីពីនចំនួនបីគ្រឿង នៅជិតទីតាំងជម្លោះ ដែលជាការកត់សម្គាល់នូវ ឧប្បត្តិហេតុចុងក្រោយ និងធ្ងន់ធ្ងរបំផុតនៅក្នុងការប្រឈមមុខគ្នាដ៏គ្រោះថ្នាក់។

ក្នុងអំឡុងពេលនៃជម្លោះកាលពីថ្ងៃទី១៧ ខែមិថុនា ទាហានហ្វីលីពីនម្នាក់បាន បាត់បង់ម្រាមដៃមួយ ហើយទីក្រុងម៉ានីលបានចោទប្រកាន់ឆ្មាំសមុទ្រចិនថា បានលួចអាវុធ និងបណ្តាលឱ្យខូចខាត ដល់ទូកចំនួនបីគ្រឿង និងឧបករណ៍នាវាចរណ៍ និងឧបករណ៍ទំនាក់ទំនង។

ក្រសួងការបរទេសចិនបានជំទាស់នឹងការលើកឡើង របស់ហ្វីលីពីននៃឧប្បត្តិហេតុនេះ ដោយអះអាងថា វិធានការចាំបាច់ ដែលបានធ្វើឡើងគឺស្របច្បាប់ វិជ្ជាជីវៈ និងហួសពីការរីះគន់ ។ នៅក្នុងឧប្បត្តិហេតុមុនៗ កងកម្លាំងចិនបានប្រើប្រាស់ កាណុងបាញ់ទឹក ឡា ស៊ែរកម្រិតយោធា និងបានប៉ះទង្គិចជាមួយនាវាផ្គត់ផ្គង់ហ្វីលីពីន និងកប៉ាល់អមការពារ របស់ពួកគេផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top