វៀតណាម៖ក្រុមហ៊ុន Foxconn Singapore បានទទួលអាជ្ញាប័ណ្ណក្នុងការវិនិយោគទឹកប្រាក់ចំនួន ៥៥១ លានដុល្លារសម្រាប់គម្រោងចំនួន ២ ដើម្បីផលិតផលិតផលកម្សាន្តឆ្លាតវៃ និងឧបករណ៍ប្រព័ន្ធឆ្លាតវៃនៅខេត្ត Quang Ninh ភាគខាងជើងនៃប្រទេសវៀតណាម។
ក្រុមហ៊ុន Foxconn ជាក្រុមហ៊ុនផលិត និងដំឡើងគ្រឿងអេឡិចត្រូនិចតាមកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ក្រុមហ៊ុននេះមានប្រតិបត្តិការធំរួចហើយនៅប្រទេសវៀតណាម។
កាសែត Quang Ninh បានរាយការណ៍ថា តាមរយៈអង្គភាពរបស់ខ្លួន ក្រុមហ៊ុន Foxconn Singapore ហើយក្រុមហ៊ុនយក្សតៃវ៉ាន់បានទទួលអាជ្ញាប័ណ្ណសម្រាប់គម្រោង ២៦៣.៧ លានដុល្លារ ដើម្បីផលិតផលិតផលកម្សាន្តឆ្លាតវៃដែលមានសមត្ថភាពប្រចាំឆ្នាំ ៤.១៨ លានគ្រឿងក្នុងមួយឆ្នាំ។
កាសែតបានបន្តថា គម្រោងទី២ដែលមានការវិនិយោគ ទឹកប្រាក់ ២៨៧.២ លានដុល្លារ និងនៅលើផ្ទៃដី ១២.៤ ហិកតានឹងផលិតឧបករណ៍ប្រព័ន្ធឆ្លាតវៃ។
យោងតាមវិញ្ញាបនបត្រវិនិយោគបានឲ្យដឹងថា គម្រោងទាំង២ នឹងបញ្ចប់ការសាងសង់នៅខែកក្កដា ឆ្នាំ ២០២៦ បន្ទាប់ពីរយៈពេលនៃការដំឡើងម៉ាស៊ីន និងដំណើរការសាកល្បង ពួកគេគ្រោងនឹងចាប់ផ្តើមការផលិតជាផ្លូវការនៅខែឧសភា ឆ្នាំ ២០២៧។
កាលពីឆ្នាំមុន Foxconn បាននិយាយថា ខ្លួននឹងវិនិយោគប្រហែល ២៥០ លានដុល្លារក្នុងគម្រោងថ្មីចំនួន ២ នៅ Quang Ninh ដើម្បីផលិតរថយន្តអគ្គិសនី និងគ្រឿងបន្លាស់ទូរគមនាគមន៍។
ក្រុមហ៊ុន Foxconn បានបណ្តាក់ទុនជាង ៣.២ ពាន់លានដុល្លារក្នុងប្រទេសវៀតណាមចាប់តាំងពីបានចូលមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ជាលើកដំបូងក្នុងទសវត្សរ៍ឆ្នាំ ២០០០។ រោងចក្រផលិតរបស់ខ្លួនភាគច្រើនមានទីតាំងនៅខេត្តភាគខាងជើង Bac Ninh និង Bac Giang៕ ដោយ៖លី ភីលីព