ព័ត៌មានអន្តរជាតិ

ហ្វីលីពីន និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអាចឱ្យដាក់ពង្រាយ កងកម្លាំងប្រទេសទាំង២ លើទឹកដីគ្នាទៅវិញទៅមក

kyodo

បរទេស ៖ ប្រទេសហ្វីលីពីន និងជប៉ុន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទៅវិញទៅមក (RAA) ដែលអនុញ្ញាត ឱ្យប្រទេសទាំងពីរដាក់ពង្រាយ កម្លាំងនៅលើដីរបស់គ្នាទៅវិញទៅមក ដែលជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងសន្តិសុខ របស់ពួកគេចំពេលមានភាពតានតឹង កើនឡើងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្ត្រីការបរទេសជប៉ុន Yoko Kamikawa បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅក្នុងពិធីមួយនៅទីក្រុងម៉ានីល ដែលធ្វើជាសាក្សីដោយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr , នេះបើតាមលេខាធិការទំនាក់ទំនងប្រធានាធិបតី Cheloy Garafil បាននិយាយនៅក្នុងសារមួយ។

កិច្ចព្រមព្រៀងនេះបង្កើតក្របខ័ណ្ឌមួយដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការយោធា ដូចជាធ្វើឱ្យការដំណើរការចូលក្នុងប្រទសរបស់បុគ្គលិកបរទេស និងបរិក្ខារងាយស្រួលសម្រាប់កម្លាំងបំពេញទស្សនកិច្ច។

ក្រុមមន្ត្រីបាននិយាយថា កិច្ចព្រមព្រៀងដែលជាប្រភេទដំបូង ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសជប៉ុននៅអាស៊ី គឺនឹងចូលជាធរមាន បន្ទាប់ពីការផ្តល់សច្ចាប័នដោយសភា នៃប្រទេសទាំងពីរ ។
វត្តមានយោធាជប៉ុន នៅក្នុងប្រទេស ហ្វីលីពីន អាចជួយទីក្រុងម៉ានីល ទប់ទល់នឹងឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលការទាមទារដែនសមុទ្រ ដ៏ធំទូលាយរបស់ទីក្រុងប៉េកាំង មានជម្លោះជាមួយប្រទេសមួយ ចំនួននៅអាស៊ីអាគ្នេយ៍៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top