បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ប្រភពសន្តិសុខនិងចែករំលែកវីដេអូមួយថា ទាហានអ៊ុយក្រែនមួយក្រុមក្លាហានដោយនាំគ្នាហែលទឹកទន្លេ Dnieper ក្នុងគោលបំណងដើម្បីបង្ហាញការចុះចាញ់ជាមួយទាហានរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រូបភាពសខ្មៅថតពីយន្តហោះគ្មាន មនុស្សបើកពេលយប់បង្ហាញបុរសបួននាក់ហែលទឹកទៅត្រើយ ម្ខាងទន្លេ។ ឃ្លីបនោះបង្ហាញពួកគេចេញពីទឹក ដោយដៃរបស់ពួកគេនៅ ពីក្រោយក្បាលរបស់ពួកគេ ខណៈដែលទាហានរុស្ស៊ីកំពុងរង់ ចាំពួកគេនៅលើមាត់ច្រាំងរួចទៅហើយ។
យោងតាម RIA ទាហានអ៊ុយក្រែនបានប្រើក្បូនបណ្តោះអាសន្ន ដែលធ្វើពីដបប្លាស្ទិកទទេដើម្បីឆ្លងកាត់ទន្លេ Dnieper ។ ប្រភពបានប្រាប់ទីភ្នាក់ងារព័ត៌មានថា ទាហានទាំងបួននាក់ បានចុះចាញ់នៅតំបន់ Kherson ។ អតីតទឹកដីអ៊ុយក្រែន បានចូលរួមជាមួយរុស្ស៊ីជាផ្លូវការនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ បន្ទាប់ពីការធ្វើប្រជាមតិមួយ រួមជាមួយនឹងតំបន់ Zaporozhye ដែលនៅជិតខាង និងសាធារណរដ្ឋ Donbass ទាំងពីរ ។
តំបន់ Kherson នៅតែត្រូវបានគ្រប់គ្រងដោយផ្នែកខ្លះដោយប្រទេសរុស្ស៊ី ខណៈដែលទឹកដីរបស់ខ្លួននៅលើច្រាំងខាងស្តាំនៃទន្លេ Dnieper រួមទាំងទីក្រុង Kherson នៅតែស្ថិតក្រោមការគ្រប់គ្រង របស់អ៊ុយក្រែន ហើយទន្លេនេះបានបំបែកទីតាំងរបស់ភាគីសង្រ្គាម។ គេមិនដឹងច្បាស់ថា ទាហានឆ្លងទន្លេនៅទីណាទេ ប៉ុន្តែទន្លេ Dnieper នៅតំបន់នោះមានទទឹងយ៉ាងតិចរាប់រយម៉ែត្រ។
RIA បានរាយការណ៍ថា ទាហានទាំងបួននាក់នេះ ធ្លាប់បានទាក់ទង យោធារុស្ស៊ីតាមរយៈ Telegram ពិសេស និងបញ្ជាក់ពីបំណង របស់ពួកគេក្នុងការទម្លាក់អាវុធ ដោយបន្ថែមថាពួកគេអាចពិភាក្សាលម្អិតអំពីការចុះចាញ់របស់ពួកគេជាមួយភាគីរុស្ស៊ីជាមុន៕
ប្រែសម្រួលៈ ណៃ តុលា