ព័ត៌មានអន្តរជាតិ

ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល រងការភ្លើងឆេះព្រៃ បានកើនឡើងច្រើនជាង ១ម៉ឺនករណី ក្នុងរយៈពេល ២០ឆ្នាំ

AFP

RIO DE JANEIRO ៖ នេះបើយោងតាមទិន្នន័យផ្កាយរណប បានប្រាប់ឲ្យដឹងថា តំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល ជាតំបន់ព្រៃត្រូពិចដ៏ធំបំផុត របស់ពិភពលោកបានជាប់កត់ត្រារងការភ្លើងឆេះព្រៃចំនួន ១៣,៤៨៩ ករណី នៅឆមាសទីមួយ នៃឆ្នាំនេះជាតួលេខដ៏អាក្រក់បំផុត ក្នុងរយៈពេល ២០ ឆ្នាំ។

អ្នកជំនាញបាននិយាយថា ចំនួនសរុប បានកើនឡើងច្រើនជាង ៦១ ភាគរយបើធៀបនឹង រយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលជាការ កើនឡើងច្រើនបំផុត ដ៏កម្រមួយ។ សកម្មភាពភ្លើងឆេះព្រៃបណ្តាលមកពីគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ ក៏បានវាយប្រហារលើព្រៃត្រូពិចដ៏ធំបំផុត របស់ពិភពលោកកាលពីឆ្នាំមុន។

ចាប់តាំងពីវិទ្យាស្ថានជាតិ សម្រាប់ការស្រាវជ្រាវអវកាស (INPE) របស់ប្រទេសប្រេស៊ីលបានចាប់ផ្តើមចងក្រងកំណត់ត្រាក្នុងឆ្នាំ ១៩៩៨ ហើយមានតែ ២ ឆ្នាំប៉ុណ្ណោះបានរងភ្លើងឆេះព្រៃកើនឡើងចាប់ពីខែមករាដល់ខែមិថុនាគឺ ២០០៣ កើតឡើង១៧,១៤៣ករណី និង២០០៤ កើតឡើង១៧,៣៤០ករណី ។

យោងតាមទិន្នន័យរបស់ INPE បាននិយាយថា ផ្ទៃដីដែលទទួលរងការកាប់បំផ្លាញព្រៃឈើបានថយចុះ ៤២ ភាគរយចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ២១ ខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ព្រៃអាម៉ាហ្សូនជាតំបន់ព្រៃឈើដែលជួយកាត់បន្ថយការឡើងកម្ដៅផែនដី ដោយការស្រូបយកកាបូនឌីអុកស៊ីតឲ្យមានកម្រិតទាប។

លោក Romulo Batista អ្នកនាំពាក្យ នៃសាខា Greenpeace របស់ប្រទេសប្រេស៊ីលថា ការប្រែប្រួលអាកាសធាតុកំពុងរួម ចំណែកដល់ការកើនឡើង នៃចំនួនភ្លើងឆេះព្រៃ ។ លោក Batista បានពន្យល់ប្រាប់ AFP ថា ភាគច្រើននៃជីវមាត្ររបស់ប្រទេសប្រេស៊ីល ឬតំបន់ធម្មជាតិផ្សេងគ្នាគឺស្ថិតនៅក្រោម ភាពតានតឹងដោយសារតែកង្វះទឹកភ្លៀង ៕

Most Popular

To Top