ឥណ្ឌា៖នេះបើតាមការរាយការណ៍ ដោយ India Today បានប្រាប់ឲ្យដឹងថា ដើម្បីអបអរសាទរពិធីមង្គលការ កូនប្រុសពៅរបស់ លោក គឺលោក Anant Ambani មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani បានផ្តល់អំណោយ ជាចិញ្ចៀនមាស ខ្សែក និងមូលប្បទានប័ត្រដល់គូស្វាមីភរិយាក្រីក្រចំនួន ៥២ គូក្នុងពិធីមង្គលការដ៏ធំមួយនេះ។
នេះបើតាម India Today បានបន្តថា ពិធីមង្គលការ ដ៏ធំបានធ្វើឡើងនៅថ្ងៃទី ២ ខែកក្កដា នៅឧទ្យាន Reliance Corporate Park ក្នុងទីក្រុង Thane ដោយមានការចូលរួមពី សមាជិកគ្រួសាររបស់គូ ស្នេហ៍ប្រមាណ ៨០០ គូ ។ គូស្វាមីភរិយានីមួយៗទទួលបានគ្រឿងលម្អមាស រួមទាំងខ្សែកមួយ (ខ្សែកចងជាប់មានកូនក្រមុំ និងកូនកំលោះ) ចិញ្ចៀនអាពាហ៍ពិពាហ៍ និងចិញ្ចៀនពាក់ច្រមុះ។ ពួកគេក៏ត្រូវបានផ្តល់គ្រឿងលម្អប្រាក់ដូចជាចិញ្ចៀនម្រាមជើង និងកជើង។
លើសពីនេះ កូនក្រមុំម្នាក់ៗត្រូវបានប្រគល់ជូននូវមូលប្បទានប័ត្រជាទឹកប្រាក់ចំនួន ១.០១ លានរូពីឥណ្ឌា ស្មើនឹង១,២០០ ដុល្លារអាមេរិកជាថ្លៃបណ្ណាការ ជាកម្មសិទ្ធិផ្តាច់មុខរបស់ស្ត្រី ។ គូស្វាមីភរិយានេះក៏ ត្រូវបានផ្តល់គ្រឿងទេស និងរបស់របរប្រើប្រាស់ក្នុងផ្ទះគ្រប់គ្រាន់ រួមទាំងរបស់របរសំខាន់ៗចំនួន ៣៦ គ្រឿង ប្រដាប់ប្រើប្រាស់ដូចជា ចង្ក្រានហ្គាស ម៉ាស៊ីនលាយ និងកង្ហារ ព្រមទាំងពូក និងខ្នើយ។
នេះបើយោងតាមទស្សនាវដ្តី Forbes បានចេញផ្សាយ ជាផ្លូវការថា លោក Mukesh Ambani អាយុ ៦៧ ឆ្នាំ គឺជាបុរសមានបំផុតទី ៩ របស់ពិភពលោក ដែលមានទ្រព្យសម្បត្តិ ១១៦ ពាន់លានដុល្លារ ហើយលោកក៏ជាអ្នកមានបំផុតនៅអាស៊ី។
ក្រុមហ៊ុន Reliance Industries ជាក្រុមហ៊ុនដ៏ធំមួយដែលមានប្រាក់ចំណូលប្រចាំឆ្នាំជាង ១០០ ពាន់លានដុល្លារ ហើយលោកមានអាជីវកម្មរួមមាន គីមីឥន្ធនៈ ប្រេង និងឧស្ម័នរហូតដល់ទូរគមនាគមន៍ និងការលក់រាយ។
ពិធីមង្គលការរបស់កូនប្រុសពៅរបស់លោក គឺលោកAnant Ambani អាយុ ២៩ ឆ្នាំគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១២-១៤ ខែកក្កដា ឆ្នាំ២០២៤ ។ លោក Anant បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Brown និងគ្រប់គ្រងការពង្រីក ថាមពលកកើតឡើងវិញ និងបៃតងរបស់ក្រុមហ៊ុន។
នេះបើយោងតាម Vogue បាននិយាយថា កូនក្រមុំ នាង Radhika Merchant អាយុ ២៩ ឆ្នាំ ជាកូនស្រីរបស់មហាសេដ្ឋី ឱសថ Viren Merchant និងជានាយកទីផ្សាររបស់ក្រុមហ៊ុន Encore Healthcare ៕