បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែនបានសម្តែង ការខកចិត្តយ៉ាងខ្លាំងចំពោះដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ដែលជាលើកដំបូងរបស់គាត់ ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះអ៊ុយក្រែន។
លោក Modi បានជួបជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សម្រាប់កិច្ចពិភាក្សាទ្វេភាគី ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈ ពេលពីរថ្ងៃរបស់លោក ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយបានប្រកាសថា ប្រជាជាតិអាស៊ីខាងត្បូងត្រៀមខ្លួន ជាស្រេចក្នុងការផ្តល់ជំនួយ ដើម្បីបង្កើតសន្តិភាពនៅអ៊ុយក្រែន។
លោកPutinបានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីឥណ្ឌាសម្រាប់ ការយកចិត្តទុកដាក់ចំពោះបញ្ហាធ្ងន់ធ្ងរ រួមទាំងការព្យាយាមស្វែងរកមធ្យោបាយដោះស្រាយវិបត្តិអ៊ុយក្រែន ក៏ដូចជាការបង្កើតសន្តិភាពនៅអ៊ុយក្រែនផង។
ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះយោធា ទីក្រុងញូវដែលីបានតស៊ូមតិ ក្នុងការប្រើប្រាស់ការទូត ដើម្បីបញ្ចប់អរិភាព នេះហើយ មន្ត្រីឥណ្ឌាបានបដិសេធមិន ចុះហត្ថលេខាលើឯកសារមួយ នៅចុងបញ្ចប់នៃ កិច្ចប្រជុំកំពូលសន្តិភាព ដែលរៀបចំដោយ ប្រទេសស្វីសនាពេលថ្មីៗនេះ ដោយសារតែការដកចេញ ពីប្រទេសរុស្ស៊ីពីព្រឹត្តិការណ៍នេះ។
ប្រទេសអាស៊ីខាងត្បូងនេះ ក៏បានបដិសេធចំពោះដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសរុស្ស៊ីជុំវិញវិបត្តិអ៊ុយក្រែនផងដែរ ។
គួរឲ្យដឹងដែរថា ឥណ្ឌាបានក្លាយជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតមួយរបស់រុស្ស៊ី ខណៈដែលទីក្រុងមូស្គូបានងាក ទៅរកសេដ្ឋកិច្ចជាមិត្តអាស៊ី បន្ទាប់ពីការដាក់ទណ្ឌកម្ម របស់លោកខាងលិចជាបន្តបន្ទាប់កន្លងមក៕
ប្រែសម្រួល៖ស៊ុនលី