ព័ត៌មានអន្តរជាតិ

យុវជនវៀតណាម រាប់រយនាក់ សម្រុកចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដោយសារពុល សារធាតុបារីអេឡិចត្រូនិក

VN Express

វៀតណាម ៖ ចំនួនយុវជនវៀតណាម សម្រុកចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ មានការកើនឡើង គួរឲ្យកត់សម្លាល់ ដោយសារពួកគេពុលសារ ធាតុបារីអេឡិចត្រូនិក ដោយយុវជនទំាងនោះប្រើប្រាស់ បារីអេឡិចត្រូនិច លាយជាមួយនឹងថ្នាំនាពេលថ្មីៗនេះ។

ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ មជ្ឈមណ្ឌលត្រួតពិនិត្យជាតិពុល នៅមន្ទីរពេទ្យ Bach Mai ទីក្រុងហាណូយបានព្យាបាលករណី ពុលបារីអេឡិចត្រូនិចប្រហែល ១០០ ករណី បើធៀបនឹងជិត ១៣០ ករណីក្នុងឆ្នាំ ២០២២ និង ២០២៣។

កាលពីថ្ងៃទី ២៦ ខែមិថុនា យុវជនអាយុ ២០ ឆ្នាំនៅទីក្រុងហាណូយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីសន្លប់ និងរងការខូចខាត សរីរាង្គជាច្រើន ក្រោយពីប្រើប្រាស់បារីអេឡិចត្រូនិច។ ប្រហែលម៉ោង ៤ ទៀបភ្លឺ នៅថ្ងៃនោះ គ្រួសាររបស់គាត់បានឮសំឡេងចម្លែក ហើយបានប្រទះឃើញគាត់ប្រកាច់ និងសន្លប់ ។
ភ្លាមៗនោះ គាត់ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យក្បែរនោះ ហើយបន្ទាប់មកបានបញ្ជូន ទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងជាតិពុល ក្នុងស្ថានភាពសន្លប់ ជាមួយនឹងជំងឺផ្លូវដង្ហើម ខូចសរីរាង្គជាច្រើន របួសខួរក្បាល និងបេះដូង អាស៊ីតមេតាបូលីកធ្ងន់ធ្ងរ និងខ្សោយតម្រងនោម។

ការធ្វើតេស្តលើបារីអេឡិចត្រូនិច ដែលគាត់បានប្រើ បានបង្ហាញឲ្យឃើញពីវត្តមានរបស់កញ្ឆាសំយោគ ហើយយុវជនរូបនេះ មានប្រវត្តិប្រើប្រាស់បារី អេឡិចត្រូនិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយធ្លាប់ចូលមន្ទីរពេទ្យ ដោយសារពុលបារីអេឡិចត្រូនិកកាលពីឆ្នាំ២០២៣ ។

លោកវេជ្ជបណ្ឌិត Nguyen Trung Nguyen នាយកមជ្ឈមណ្ឌលគ្រប់គ្រង ជាតិពុលបាននិយាយថា ការធ្វើតេស្តជាច្រើនលើបារីអេឡិចត្រូនិច របស់អ្នកជំងឺបានត្រឡប់ លទ្ធផលវិជ្ជមានចំពោះថ្នាំ ។ ការស្ទង់មតិធ្វើឡើងដោយមជ្ឈមណ្ឌលត្រួតពិនិត្យជាតិពុល លើសំណាកបារីអេឡិចត្រូនិច ប្រើដោយអ្នកជំងឺ ១២០ នាក់បានបង្ហាញថា ១៦ សំណាកទាំងនេះបានធ្វើតេស្តវិជ្ជមានចំពោះថ្នាំដែលស្មើនឹង ១៣.៣ភាគរយ។

ការធ្វើតេស្តជាតិពុលលើសំណាកមួយចំនួន ដែលបញ្ជូនទៅវិទ្យាស្ថានកោសល្យវិច្ច័យបានរកឃើញថ្នាំរួមមាន ADB-Butinaca, MDMB-Butinaca, ADB-4en-PINACA, MDMB-4en-PINACA, EDMB-4en-PINACA, THC និង PB-22 ។ មនុស្សជាច្រើន ជាពិសេសក្មេងជំទង់ ជឿថា បារីអេឡិកត្រូនិក គ្មានគ្រោះថ្នាក់ ព្រោះវាមិន មានផ្ទុកជាតិនីកូទីនដែលញៀន។

លោកវេជ្ជបណ្ឌិតបន្តថា នេះជាការយល់ខុសហើយ បារីអេឡិចត្រូនិកបង្កហានិភ័យដល់សុខភាពធំៗ ៣គឺ ជាតិនីកូទីន រសជាតិសិប្បនិម្មិត និងថ្នាំ ហើយបច្ចុប្បន្នតម្លៃព្យាបាល ករណីពុលដោយបារីអេឡិចត្រូនិក មានតម្លៃចាប់ពីជាង ១០ លានដុងទៅរាប់រយលានដុង៕

Most Popular

To Top