ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ពង្រាយមីស៊ីល ចំងាយឆ្ងាយរបស់ខ្លួន ជាច្រើនគ្រាប់នៅក្នុង ប្រទេសអាល្លឺម៉ង់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃប្រទេសអាមេរិកនិងអាល្លឺម៉ង់បានប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៦ តទៅ

ប្រភពដដែលបានសរសេរទៀតថាសព្វាវុធទាំងនេះ រួមទាំងប្រព័ន្ធ SM-6 និង Tomahawk ដែលជាប្រភេទត្រូវបានហាមប្រាមនៅលើទ្វីបនេះ រហូតដល់ទីក្រុងវ៉ាស៊ីនតោន លុបចោលសន្ធិសញ្ញាសម័យសង្រ្គាមត្រជាក់នៅឆ្នាំ២០១៩កន្លងមកនេះ។

យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិកនឹង “ចាប់ផ្តើមការដាក់ពង្រាយអាវុធទាំងនេះទៅតាមដំណាក់កាលនិងដើម្បីឲ្យសម្រេចបានទៅតាមផែនការដែលជាផ្នែកមួយនៃផែនការសម្រាប់ការបន្តឈរជើងនៃសមត្ថភាពអាវុធទាំងនេះនាពេលអនាគត។

គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងអាល្លឺម៉ង់នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ។

ប្រព័ន្ធសព្វាវុធដែលដាក់ពង្រាយទៅកាន់ប្រទេសអាល្លឺម៉ង់រួមមាន មីស៊ីលប្រឆាំងអាកាស SM-6 ដែលអាចបាញ់ក្នុងចម្ងាយរហូតដល់ ៤៦០ គីឡូម៉ែត្រ និងមីស៊ីល Tomahawk ដែលអាចវាយប្រហារគោលដៅបានចម្ងាយជាង ២៥០០ គីឡូម៉ែត្រផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top