ព័ត៌មានអន្តរជាតិ

តុលាការយុត្តិធម៌អន្តរជាតិ នឹងផ្តល់យោបល់លើការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល

ក្រុងឡាអេ៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានប្រកាសនៅថ្ងៃសុក្រថា ខ្លួននឹងផ្តល់យោបល់មួយនៅថ្ងៃទី១៩ ខែកក្កដា ទាក់ទងនឹងផលវិបាកផ្លូវច្បាប់នៃការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល។

តុលាការបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សម័យប្រជុំសាធារណៈនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា នៅវិមានសន្តិភាព ដែលជាកន្លែងអង្គុយរបស់ ICJ នៅទីក្រុងឡាអេ ដែលចៅក្រម Nawaf Salam ប្រធានតុលាការនឹងបង្ហាញមតិយោបល់។

ក្នុងអំឡុងពេលសវនាការជាសាធារណៈនៅ ICJ កាលពីខែកុម្ភៈ ប៉ាឡេស្ទីន រដ្ឋសមាជិក ៤៩ របស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិចំនួនបីបានបង្ហាញសេចក្តីថ្លែងការណ៍ផ្ទាល់មាត់។

នៅក្នុងសវនាការ បេសកជនអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន Riyad Mansour បានជំរុញឱ្យ ICJ ប្រកាសការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល ដោយខុសច្បាប់ ដោយសង្កត់ធ្ងន់ថា សេចក្តីសម្រេចបែបនេះនឹងត្រួសត្រាយផ្លូវ សម្រាប់ការបញ្ចប់ភ្លាមៗចំពោះការកាន់កាប់ និងការបង្កើតសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។

ដោយមិនចូលរួមក្នុងសវនាការនេះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយដោយច្រានចោលភាពស្របច្បាប់នៃសវនាការ ដោយចោទប្រកាន់ពួកគេថា បានព្យាយាមធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរស់រានមានជីវិត និងការការពារខ្លួនរបស់អ៊ីស្រាអែលបន្ថែមទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top