តូក្យូ៖នេះបើយោងតាមក្រុមហ៊ុនទូរគមនាគមន៍ យក្សជប៉ុនដ៏ធំមួយបាននិយាយថា ផ្ទះសំណាក់នៅលើភ្នំចំនួន ១០០ ក្នុងប្រទេសជប៉ុននឹងត្រូវបានបំពាក់ដោយ Wi-Fi របស់សេវាអ៊ីនធើណេតផ្កាយរណប Starlink ដែលផ្តល់ដោយក្រុមហ៊ុនអវកាសអាមេរិក SpaceX ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ្នកឡើងភ្នំ ។
KDDI Corp បាននិយាយថា សេវាកម្មអ៊ីនធើណេតនឹងមាននៅលើភ្នំភាគច្រើននៅតំបន់ភ្នំ Alps របស់ជប៉ុន ដោយអ្នកឡើងភ្នំអាចចូលទៅកាន់របាយការណ៍អាកាសធាតុ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការទំនាក់ទំនងសង្គ្រោះបន្ទាន់។ ខ្ទមជាផ្ទះសំណាក់សរុបចំនួន ១២ ត្រូវបានបំពាក់ដោយអង់តែន Starlink រហូតមកដល់ពេលនេះ បន្ទាប់ពីសេវាកម្មនេះត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០២៣។ ការផ្លាស់ប្តូរថ្មីនេះពង្រីកការចូលទៅកាន់ភ្នំ Fuji ជួរភ្នំ Yatsugatake ភ្នំអាល់ភាគខាងជើង ភ្នំអាល់កណ្តាល និងភ្នំអាល់ភាគខាងត្បូង ក្នុងចំណោមតំបន់ផ្សេងទៀត ។
អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត “AU” ដែលដំណើរការដោយ KDDI នឹងអាចប្រើប្រាស់សេវាកម្មនេះដោយឥតគិតថ្លៃ ខណៈអ្នកដែលប្រើប្រាស់អ្នកផ្តល់សេវាផ្សេងទៀតអាចប្រើប្រាស់ Wi-Fi ក្នុងរយៈពេលពីរម៉ោងដោយបង់ប្រាក់ ៣០០ យ៉េន ឬ ២៤ ម៉ោងតម្លៃ ៦០០ យ៉េន។
យោងទៅតាម KDDI បានប្រាប់ឲ្យដឹងថា យើងមានតំបន់ភ្នំជាច្រើនដែលការទំនាក់ទំនងចល័តពិបាក ឬការទំនាក់ទំនងតាមខ្សែកាបអុបទិកមិនមាន បង្ខំឲ្យអ្នកឡើងភ្នំចាកចេញពីផ្ទះសំណាក់ ហើយចុះទៅស្វែងរកតំបន់មានសញ្ញាទូរស័ព្ទ។
មន្ត្រី KDDI បាននិយាយថា យើងនឹងផ្តល់ (Wi-Fi) ដល់មនុស្សយ៉ាងទូលំទូលាយ មិនកំណត់ចំពោះអតិថិជនរបស់យើងទេ ដើម្បីឲ្យពួកគេរីករាយនឹងការឡើងភ្នំដោយសុវត្ថិភាព៕