ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ជំរុញឱ្យជនជាតិអាមេរិក ឈររួបរួមគ្នា បន្ទាប់ពីការបាញ់ ប្រហារលើរូបលោក

Xinhua

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ នៅព្រឹកថ្ងៃអាទិត្យ បានជំរុញប្រជាជនអាមេរិក ឱ្យឈររួបរួមគ្នា និងមិនអនុញ្ញាតឱ្យ “អំពើអាក្រក់ឈ្នះ” ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរួចផុតពីការប៉ុនប៉ងធ្វើឃាត នៅឯការជួបជុំមួយក្នុងទីក្រុងButler រដ្ឋ Pennsylvania។

លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា “យើងនឹងមិនភ័យខ្លាចនោះទេ ប៉ុន្តែផ្ទុយទៅវិញនៅតែមានភាពធន់នឹងសេចក្តីជំនឿរបស់យើង និងរឹងប៉ឹង ចំពោះមុខអំពើអាក្រក់” ។

លោក ត្រាំ បានលើកឡើងថា “នៅក្នុងពេលនេះ វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដែលយើងឈររួមគ្នា និងបង្ហាញចរិតពិតរបស់យើងជាជនជាតិអាមេរិក នៅតែរឹងមាំ និងប្តេជ្ញាចិត្ត និងមិនអនុញ្ញាតឱ្យអំពើអាក្រក់ឈ្នះ” ។

នៅ​ម៉ោង​ប្រហែល ៦ និង១២ល្ងាចនៅថ្ងៃសៅរ៍ លោក ត្រាំ ត្រូវបានប្រញាប់ប្រញាល់ ចុះពីលើឆាកនៅឯការ ប្រមូលផ្តុំគ្នាដោយភ្នាក់ងារអនុវត្តច្បាប់ជាច្រើន បន្ទាប់ពីមានសំឡេងកាំភ្លើង បានបន្លឺឡើងនៅក្នុងហ្វូងមនុស្សនាពេលនោះ។

ភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីឧបទ្ទវហេតុនេះថា “អ្នកបាញ់សង្ស័យម្នាក់បានបាញ់ជាច្រើន គ្រាប់ឆ្ពោះទៅកាន់ឆាកពីទីតាំងខ្ពស់ មួយនៅខាងក្រៅកន្លែងប្រមូលផ្តុំ”។

សេចក្តី​ថ្លែងការណ៍​ក៏​បាន​ឲ្យដឹងដែរ​ថា អ្នក​ទស្សនា ​ម្នាក់​ត្រូវ​បាន​សម្លាប់ និង​ពីរ​នាក់​ទៀត​រង​របួស​ធ្ងន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ត្រាំ បាន​ឲ្យដឹងនៅ​ក្នុង​ការ​បង្ហោះ​ថា លោក​ត្រូវ​បាន​គេ​បាញ់​ ចំ​ផ្នែក​ខាង​លើ​ នៃ​ត្រចៀក​ស្តាំ​របស់​ខ្ញុំ។  សេចក្តីថ្លែងការណ៍​ពី​យុទ្ធនាការ​ របស់​លោក​បាន​បញ្ជាក់​ថា អតីត​ប្រធានាធិបតី​គឺ “មិន​អី​កើតឡើងនោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top