វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ អស់រយៈពេលជាច្រើនខែ បានទទួលការបោះឆ្នោតពីគណៈប្រតិភូគ្រប់គ្រាន់កាលពីថ្ងៃចន្ទ ដើម្បីក្លាយជាបេក្ខភាពជាផ្លូវការ របស់គណបក្សសាធារណរដ្ឋ។
អតីតប្រធានាធិបតី ដែលបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត កាលពីពីរថ្ងៃមុន បានទទួលសំឡេងភាគច្រើន ពីគណៈប្រតិភូនៅឯសន្និបាតជាតិ នៃសាធារណរដ្ឋនៅទីក្រុង Milwaukee រដ្ឋ Wisconsin ។ លោកបានឈានដល់កម្រិត ដែលត្រូវការជាមួយនឹងការបោះឆ្នោតពីរដ្ឋ Florida ដែលត្រូវបានប្រកាសដោយកូនប្រុសរបស់លោក Eric Trump ។
លោក ត្រាំ នឹងដឹកនាំគណបក្សសាធារណរដ្ឋ តាមរយៈការបោះឆ្នោតជាលើកទីបីជាប់ៗគ្នា បន្ទាប់ពីលោកបានទទួលជ័យជម្នះលើលោកស្រី ហីលឡារី គ្លីនតុន ក្នុងឆ្នាំ២០១៦ និងការបរាជ័យរបស់លោក ចំពោះប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃដិន ក្នុងឆ្នាំ២០២០។
កាលពីព្រឹកថ្ងៃចន្ទ លោក ត្រាំ បានប្រកាសតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថាលោកបានជ្រើសរើសសមាជិកព្រឹទ្ធសភារដ្ឋ Ohio លោក J.D. Vance ជាមិត្តរួមដំណែងរបស់លោក ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែ លើការជ្រើសរើសអនុប្រធានរបស់លោក។
លោក Vance ដែលត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាអាមេរិក ក្នុងឆ្នាំ២០២២ និងស្បថចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២៣ គឺជាអ្នករិះគន់លោក ត្រាំ យ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០១៦ ប៉ុន្តែបានក្លាយជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី ចាប់តាំងពីពេលនោះមក៕
ប្រែសម្រួល ឈូក បូរ៉ា